ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ផ្កាយមាស៤ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្ដាំទៅកាន់អ្នកដែលពូកែទើស ចំពោះការបំពាក់ឋានន្តរស័ក្តិរបស់លោកថាឲ្យបន្តឆ្ងល់ និងបន្តទើសតាមការគួរទៅចុះ បើមានពេល ទំនេរច្រើន។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះ រាជហឬទ័យ ប្រោសព្រះ រាជទាន ដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់រូបលោក ហ៊ុន ម៉ាណែត កាលពីប្រមាណជាជិត១ខែមកនេះ ។ បន្ទាប់ពីទទួលបានព្រះរាជក្រឹត្រ រួចនៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនលោក ហ៊ុន ម៉ាណែត ជាផ្លូវការ។
ជុំវិញការដំឡើងឋានន្តរស័ក្តិនេះ ក៏មានមតិរិះគន់មួយចំនួនផងដែរ ពីសំណាក់ក្រុមអ្នកវិភាគ និងអ្នកនយោបាយបក្ស ប្រឆាំង នៅក្រៅប្រទេស។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាយឧត្ដមសេនីយ៍ ផ្កាយមាស៤ ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងឱកាស នៃការបំពាក់ឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ នាថ្ងៃនេះ ចំពោះអស់លោកដែលពូកែខាងឆ្ងល់ អំពីច្បាប់និងទម្លាប់ របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារ ឬដំឡើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើស ចំពោះការតម្លើង ឋានន្តរស័ក្តិ សម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលទំនេរច្រើន និងអត់មានកិច្ចការអ្វីផ្សេង សម្រាប់ធ្វើ។ ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ឬឆ្លើយតប ជាមួយអស់លោកទេ ព្រោះពេលវេលារបស់ខ្ញុំ ត្រូវចំណាយទៅលើកិច្ចការអ្វី ដែលមានប្រយោជន៍»។
លោកបន្ថែមថា «ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួប និងធ្វើការងារជាមួយ បណ្តាអង្គភាព កងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងសមត្ថភាពកងទ័ពក្នុងការ ត្រៀមលក្ខណៈ ការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេល ឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក ។ ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង»៕