ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សាងសង់ដោយក្រុមហ៊ុន Yunnan Air investment Cambodia Airport management (YACA)ត្រៀមរួចរាល់ដើម្បីធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ និងបើកដំណើរការជាផ្លូវការនាពាក់កណ្តាលខែតុលា ចុងឆ្នាំនេះ។
នេះបើតាមកិច្ចប្រជុំរបស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃ២០ មេសា ។
របាយការណ៍កិច្ចប្រជុំត្រួតពិនិត្យដំណើរការរៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបង្ហាញថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ គម្រោងសាងសង់ សម្រេចបាន៩២% និងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់កណ្តាលខែឧសភា ខាងមុខ។
របាយការណ៍បន្តថា ដំណើការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានក៏សម្រេចបាន៣៨សកម្មភាព ក្នុងចំណោមសកម្មភាព សរុបចំនួ៧៩ នៃផែនការរៀបចំប្រតិបត្តិការអាកាសយានដ្ឋាន ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើការដាក់ ឲ្យអនុវត្តផែនការប្រតិបត្តិការ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
បន្ថែមពីនេះ ក្រុមហ៊ុនរៀបចំប្រតិបត្តិការ ក៏បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សកម្មភាពដែលនៅ សេសសល់ ឲ្យបានទាន់ពេលវេលា ដើម្បីឈានទៅសម្រេច ដាក់ឲ្យដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ប្រើថវិកាសាងសង់ជាង១ពាន់លានដុល្លារ នៅលើផ្ទៃដី ប្រមាណជា ៧០០ហិកតា ក្នុងស្រុកសូទ្រនិគម មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ៤០ គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ៕