ព័ត៌មានជាតិ

គ.ជ.ប​ ប្រកាសទទួលចុះបញ្ជី គណបក្សនយោបាយ និងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី២៤មេសា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) បានប្រកាសចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ ។​

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២១ មេសា បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ អំពីការចុះបញ្ជី គណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការប្តឹងតវ៉ា និងការ ដោះស្រាយពាក្យបណ្តឹង ។

ថ្លែងក្នុងអង្គប្រជុំនោះ លោកនុត សុខុម អនុប្រធាន គ.ជ.ប បានបញ្ជាក់ជូន ថា តាមប្រតិទិន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជី គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយចាប់ផ្តើម ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។

លោក បានបន្តថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅ គ.ជ.ប។ ប្រធានគណបក្សនយោបាយ ឬតំណាង ដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ត្រូវចុះហត្ថលេខា លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បី ដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។

ជាមួយគ្នានោះដែរលោក នុត សុខុម បានជម្រាបជូនដល់ភាគីពាក់ព័ន្ធ អំពីនីតិវិធីនៃការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ អំពីភាពមានសិទ្ធិឈរឈ្មោះជា បេក្ខជន និងភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន ។ ការដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលចាក សិក្ខាបទ សម្រាប់មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរ ភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ ពិសេសឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោតជាស្ថាពរ ។

លោកបន្តថា គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង បេក្ខជនឈរឈ្មោះ ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីទទួលបានពាក្យស្នើសុំ ។

ចំពោះការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹង ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោ- បាយឈរឈ្មោះបោះឆ្នោត ឯលោកនុត សុខុម បានមានប្រសាសន៍ថា សាមីគណបក្សនយោបាយ ឬតំណាង អាចប្តឹងតវា ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានសេចក្ដីសម្រេច បដិសេធដោយ គ.ជ.ប លើបញ្ជីបេក្ខជនន គណបក្សនយោបាយរបស់ខ្លួន។ គណបក្សនយោបាយ អាចប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាម នីតិវិធី ។

លោកបានលើកឡើងថា បន្ទាប់ពីបានបញ្ឈប់ការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឬ/និងក្រោយពេលដែល ពាក្យបណ្តឹងតវ៉ា ត្រូវបានដោះស្រាយ បញ្ចប់ជាស្ថាពរ គ.ជ.ប ត្រូវបិទផ្សាយបញ្ជីរាយនាមគណបក្ស នយោបាយទាំងអស់ ដែលបានចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះផ្លូវការតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត របស់គណបក្សនយោបាយទាំងនោះក្នុង រយៈពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃបោះឆ្នោត។

មានចម្ងល់មួយចំនួន របស់តំណាងគណបក្សនយោបាយ និង អង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួម ក្នុងកិច្ចប្រជុំនោះទាក់ទង នឹងការបិទផ្សាយបញ្ជីគណបក្ស នយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ ការឆ្លាក់ឈ្មោះបេក្ខជនជួបបញ្ហានៅមូលដ្ឋាន ការធ្វើ នីត្យានុកូលកម្មលើឯកសារពាក់ព័ន្ធ នឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សកម្មភាពជួបជុំរបស់គណបក្សនយោបាយនៅមូលដ្ឋាន និងចំនួនជនពិការភាពក្នុងបញ្ជីបោះឆ្នោត ។

គ.ជ.ប បានឆ្លើយសំណួរទាំងនោះម្តងមួយៗ ទៅតាមគោលការណ៍ និងនីតិវិធីនៃការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ហើយបានបញ្ជាក់បន្ថែម ជួនថា នៅពេលខាងមុខ គ.ជ.ប មានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ប្រសិនបើមាន គណបក្សនយោបាយមានបញ្ហា សូមធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតផ្ទាល់ ដើម្បីជួយសម្របសម្រួលការងារ។ ដោយឡែកជនពិការភាពដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ មានចំនួនជាង ៣៤,០០០ (សាមសិបបួនពាន់) នាក់ ក្នុងនោះ ស្ត្រីមានចំនួនជាង ១៥.០០០ (ដប់ប្រាំពាន់) នាក់ ។

សូមជម្រាបថា ភាគីពាក់ព័ន្ធដែលចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដែលរៀបចំឡើងដោយ គ.ជ.ប មានមកពី តំណាងក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួង មហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាន នគរបាលជាតិ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រុមប្រឹក្សាសកម្មភាពជនពិការ មន្រ្តីមកពីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការ-សមាគម និងអ្នកសារព័ត៌មាន ៕

To Top