ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធបើកដំណើរការ ជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ (Sun & Moon Riverside Hotel)” នារាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។

លោក សូមចូលរួមអបអរសាទរ ជាមួយ ក្រុមហ៊ុនសាន់ & មូន គ្រុប ចំពោះការសម្ពោធបើកដំណើរការជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ” (Sun & Moon Riverside) ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញដ៏ស្រស់ត្រកាល របស់យើង ។ ការបើកដំណើរការ សណ្ឋាគារដ៏ទំនើប ជាមួយនឹងស្តង់ដារកម្រិតពិភពលោកនេះ គឺស្របពេលដែលកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយនេះមិនត្រឹមតែជាឱកាសអាជីវកម្មដ៏ល្អសម្រាប់ សណ្ឋាគារសាន់ & មូន រីវើសាយ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុង ការលើកមុខមាត់ដល់វិស័យទេសចរណ៍ និងដល់ប្រទេសកម្ពុជា ទាំងមូល តាមរយៈការបង្ហាញ ឱ្យឃើញពីការត្រៀមខ្លួន រួចរាល់ របស់កម្ពុជា នៅក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ច ប្រកបដោយគុណភាពខ្ពស់ ។

លោកបណ្ឌិត បន្ថែមថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី, ប្រទេសកម្ពុជា បាននិងកំពុងស្ថិតក្នុងចំណោម ប្រទេសដែលមានការលូតលាស់ យ៉ាងឆាប់រហ័ស នៅក្នុងតំបន់ និងលើពិភពលោក ដោយបានប្រែក្លាយពីប្រទេស ក្រីក្រទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងស្ថិតនៅលើមាគ៌ាឆ្ពោះ ទៅរកការសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយខ្លួនទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ ការរីកចម្រើនដ៏ឆាប់រហ័សនេះ គឺជាសមិទ្ធផលផ្លែផ្កា នៃកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមយ៉ាង សកម្មរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យគន្លឹះជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលបម្រើឱ្យការទ្រទ្រង់ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ជាក់ស្តែង នៅមុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩, ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងមកហើយ, ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងជាង ១០ ដង ពោលគឺ ពីប្រមាណជាង ៤៦ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៩ ដល់ជាង ៦.៦ លាននាក់ក្នុងឆ្នាំ២០១៩ ។ ជាមួយនឹង កំណើនដ៏លឿននេះ, វិស័យទេសចរណ៍ បានក្លាយជាកម្លាំងចលករ មួយយ៉ាងសំខាន់ ដោយបានរួមចំណែកក្នុងផលិតផល ក្នុងស្រុកសរុបរហូតដល់ទៅ ១២,១% និងបានផ្តល់ការងារ ជូនបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ៦៣ ម៉ឺននាក់ នៅឆ្នាំ២០១៩។

លោកបន្តថា ពិតណាស់ ក្នុងអំឡុង វិបត្តិនៃជំងឺកូវីដ-១៩, វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ជាពិសេស ដោយសារការរឹតត្បិត ចំពោះការធ្វើដំណើរទាំងក្នុងស្រុក និងឆ្លងប្រទេស។ ទោះបីយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញប្រកប ដោយប្រសិទ្ធភាព នូវវិធានការឆ្លើយតបជាច្រើន, វិស័យទេសចរណ៍ បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ស្របទៅនឹងដំណើរ ការបើកឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងនៅកម្ពុជា និងសាកលលោក ។ ជាក់ស្តែង ចំនួនភ្ញៀវទេសចរ នៅក្នុងស្រុកបានកើនឡើង យ៉ាងលឿនរហូតដល់ជិត ១៤ លាននាក់ ក្នុងឆ្នាំ២០២២ ដែលស្មើនឹង ប្រមាណជិត ២ ដង នៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក្នុងឆ្នាំ២០១៩ ជាពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងទៅថ្មីៗនេះ, ក្រសួងទេសចរណ៍បានបង្ហាញនូវទិន្នន័យបឋមថា ចំនួនភ្ញៀវទេសចរ មានចំនួនកើនឡើងរហូតដល់ទៅជាង ១៣ លាននាក់ ដែលក្នុងនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៦ ម៉ឺននាក់។

លោក រំលេចផងដែរថា ជារួម នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់ សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការ វិជ្ជមានឡើងវិញ ហើយការកើនឡើង នៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន។ ក្នុងន័យនេះ ការបើកឱ្យដំណើរការសណ្ឋាគារ និងសេវាកម្មបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ផ្កាយបួន ឬផ្កាយប្រាំ ដូចជា សណ្ឋាគារ សាន់ & មូន រីវើសាយ នេះ ជាដើម ក៏ជាសក្ខីភាព នៃការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍របស់កម្ពុជា យ៉ាងជាក់ច្បាស់។ មួយវិញទៀត ការរីកដុះដាល នៃសណ្ឋាគារប្រភេទនេះ ក៏នឹងបន្តចូលរួមផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់អាជីវកម្មផ្សេងៗទៀត នៅក្នុងខ្សែច្រវាក់តម្លៃរបស់ខ្លួន ។

លោក បង្ហើបទៀតថា សម្រាប់ទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យនេះ ជាសសរស្តម្ភយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិ និងបន្តជំរុញគាំទ្រវិស័យនេះ ឱ្យក្លាយទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបន្តកែ សម្រួលបរិយាកាសធុរកិច្ច, ការចូលរួមអភិវឌ្ឍគោលដៅ ទេសចរណ៍សំខាន់ៗ និងជាពិសេសការសហការជាមួយវិស័យឯកជន សំដៅដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងដល់ការអភិវឌ្ឍនៃវិស័យទេសចរណ៍ ។

សណ្ឋាគារសាន់ អ៊ែន មូន រីវើសាយដ៍ គឺជាប្រព័ន្ធអេកូឡូស៊ី នៃការរស់នៅដែលមានការរចនាតែមួយគត់ ដែលរួមបញ្ចូលបច្ចេកវិទ្យា ដ៏ជឿនលឿនសម្រាប់សុខមាលភាព និងកន្លែងហាត់ប្រាណ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំ បន្ទប់ប្រជុំនិងបរិវេណការិយាល័យរួម និងបទពិសោធន៍ទទួលទានអាហារចម្រុះជាតិសាសន៍ ដែលមានក្នុងបញ្ជីមុខម្ហូបអន្តរជាតិដ៏ទូលំទូលាយ ប្រកបដោយភាពស្មោះត្រង់ និងគិតគូពីសុខភាព។ ការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់យើង គឺផ្អែកលើហុងស៊ុយ និងគណិតវិទូជនជាតិអ៊ីតាលី Fibonacci បានបំផុសគំនិត Golden Ratio 1.68។

យើងមានបេះដូងជាសណ្ឋាគារ ក្នុងស្រុកពិត ប៉ុន្តែប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ច ដែលសារភ្ជាប់វប្បធម៌ដ៏ពិសេស ដើម្បីផ្តល់ជូនអ្នកជាលក្ខណៈបុគ្គល។ ក្នុងនាមជាអាជីវកម្មសណ្ឋាគារក្នុងទីក្រុង បរិវេណផ្សេងៗក្នុងសណ្ឋាគាររបស់យើងតែងតែមានភាពរស់រវើកជានិច្ច ដោយភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍និងសកម្មភាពផ្សេងៗ ជាមួយនឹងកន្លែងសម្រាប់ជប់លៀង អបអរ ឬសម្រាកលំហែកាយ ។ យើងក៏ចូលចិត្តប្រារព្ធឱកាសពិសេសៗផងដែរ ដូច្នេះអ្នកអាចរំពឹងថានឹងមានការប្រារព្ធពិធីសម្រាប់ពិធីបុណ្យជាតិ និងអន្តរជាតិ ដូចជាថ្ងៃចូលឆ្នាំសកល និងបុណ្យចូលឆ្នាំខ្មែរជាដើម ។ ការរចនាដ៏ទំនើបទាន់សម័យ ។ គេងក្នុងបន្ទប់ដ៏ប្រណិត ។ បង្កើតអនុស្សាវរីយ៍ក្នុងក្តីស្រមៃ ជាមួយនឹងដំណោះស្រាយ សម្រាប់ការរៀបចំកម្មវិធីរបស់យើង។ ស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌក្នុងស្រុក។ បរិភោគអាហារឆ្ងាញ់ៗមានជីវជាតិ ។ រីករាយជាមួយបទពិសោធន៍ ដែលបង្កើតឡើងពិសេសម្រាប់តែអ្នកប៉ុណ្ណោះ។ ប្រារព្ធពិធីពិសេសដ៏ប្រណិតសម្រាប់អ្នក ។ បង្កើតទំនាក់ទំនងដៃគូអាជីវកម្មថ្មី ។ ចូលទៅទីធ្លាកម្សាន្តផ្ទាល់ខ្លួនសម្រាប់អ្នក រួចចាប់ផ្តើមដំណើរឆ្ពោះទៅរកសុខុមាលភាពរួម និងស្វែងរកតុល្យភាពនៅក្នុងខ្លួនអ្នក ។

ស្វែងរកខ្លួនអ្នកនៅ សណ្ឋាគារសាន់ អ៊ែន មូន រីវើសាយដ៍ ជាកន្លែងដែលយើង ណែនាំអ្នកដោយផ្ទាល់ ទៅកាន់របកគំហើញថ្មី របស់អ្នកទូទាំងប្រព័ន្ធអេកូ ដែលទើបបង្កើតថ្មីរបស់យើង។
“មកនៅ” សណ្ឋាគារលំដាប់ផ្កាយ ៥ ថ្មីឈានមុខគេនៅកម្ពុជា ៕




































