ព័ត៌មានជាតិ

សម្ដេចតេជោ​ ណែនាំស្ថាប័នទាំងអស់​ ត្រូវចេះសន្សំសំចៃ ​ក្នុងការចំណាយផ្សេងៗ និងលុបបំបាត់ការរកស៊ីគេចពន្ធ

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានថ្លែងថា​ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ។

ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ​ ១ឧសភា នាថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៣​ សម្ដេចតេជោ​ ហ៊ុន​ សែន​បន្តអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។​ ជាមួយគ្នានោះ ក៏ត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។

សម្ដេចតេជោ​ បញ្ជាក់ថា​ “គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន”។

នាឱកាសនោះ​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ។

​សម្តេចតេជោ​ ក៏បានថ្លែងដោយក្តីមោទនភាព ចំពោះកត្តាសុខសន្តិភាពរបស់កម្ពុជា ដែលកត្តាសុខសន្តិភាពនេះ វាបានផ្តល់នូវផ្លែផ្កាជាច្រើនសម្រាប់ ភាពរីកចម្រើនរបស់ប្រទេសជាតិយើង។

សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះ ភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើអោយយើងបានបើកដំណើរការ ប្រទេសជាតិឡើងវិញ និងបានដំណើរការសកម្មភាពប្រទេសជាតិ ជាប្រក្រតីឡើងវិញតាមគន្លងថ្មី៕

To Top