ព័ត៌មានជាតិ

សម្ដេចតេជោ​ អំពាវនាវធ្វើយ៉ាងណា ឱ្យការបោះឆ្នោតជាតិ​ប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានអំពាវនាវធ្វើយ៉ាងណាឲ្យការ បោះឆ្នោតថ្នាក់ជាតិ​ នៅពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន សេរី​និង​យុត្តិធម៌​ មិនមានការគាបសង្កត់ ។

ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ​ ១ឧសភា នាថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៣​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ នៅសល់តែ១២ថ្ងៃទៀតតែប៉ុណ្ណោះ នឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះហើយ ដូច្នេះ​ សម្តេចតេជោ ឲ្យរៀបចំព្រឹត្តិការណ៍នេះ ឲ្យបានល្អប្រសើរ និងរលូន ដើម្បីឲ្យភ្ញៀវអន្តរជាតិទាំងអស់ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មកម្ដង ទៀតនៅពេលក្រោយ។

សម្តេចតេជោ​ មានប្រសាសន៍ទៀតថា “បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់ ដូច្នេះអំពាវនាវ ធ្វើយ៉ាងណាឲ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយសេរី និងយុត្តិធម៌ ពោលគឺត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត”។

ឆ្លៀតឱកាសនោះ​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវឲ្យប្រជាពល រដ្ឋត្រូវរួមគ្នាបន្តប្រយុទ្ធ ប្រឆាំងជំងឺ កូវីដ១៩ ជាបន្តទៀត ត្បិតតែមានការបន្ធូរបន្ថយកាតព្វកិច្ចជាច្រើនក៏ពិតមែន ប៉ុន្តែជំងឺនេះមិនទាន់ចប់នៅឡើយនោះទេ។ ពាក់ព័ន្ធទៅនឹងវិស័យការងារសម្ដេចតេជោក៏បានជំរុញឲ្យ ក្រសួងការងារក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការបណ្ដុះ បណ្ដាល ធនធានមនុស្សទៅលើវិស័យការងារបន្ថែមទៀតទាំងការងារក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយ រាជរដ្ឋាភិបាលជាអ្នកចេញថ្លៃក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្សលើវិស័យការងារទាំងអស់នោះ៕

To Top