ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្រេចបន្ថែមការចំណាយប្រមាណ ៧លានដុល្លារទៀត សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។
នៅសល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះដែលខ្ទង់ចំណាយមានប្រមាណជាជិត១៣០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត របស់កីឡា២ប្រភេទនេះដែលកម្ពុជា បានទន្ទឹងរង់ចាំជាង៦០ឆ្នាំ ។
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោមានប្រសាសន៍ថា ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជានេះ ធ្វើយ៉ាងឲ្យគេស្គាល់បេះដូងខ្មែរពិតប្រាកដ។
សម្ដេចគូសបញ្ជាក់ថា «យើងធ្វើម្ចាស់ផ្ទះឆ្នាំនេះ គឺអត់គិតថ្លៃទាំងអស់ ចំពោះអ្នកចូលលេង ចូលមើល ទាំងប្រជាជនកម្ពុជា ទាំងជនបរទេស ។ ខ្មែរលើកនេះគឺថា ធ្វើឲ្យគេស្គាល់បេះដូងខ្មែរពិតប្រាកដ យើងចំណាយជាង ៧លានដុល្លារថែមទៀត ដើម្បីចិញ្ចឹមកីឡាករ-កីឡាការិនី មិត្តភក្តិបរទេសដែលមកការប្រកួត»។
សម្ដេចរំលឹកថា នៅពេលកីឡាករ-កីឡាការិនី របស់កម្ពុជា ទៅប្រកួតនៅស៊ីហ្គេមនៅក្រៅប្រទេស គឺត្រូវបង់ឲ្យម្ចាស់ផ្ទះមួយថ្ងៃ ចំនួន៥០ដុល្លារ ក្នុងម្នាក់ៗ។ រីឯកម្ពុជាវិញ មិនឲ្យបង់ថ្លៃឡើយ គឺទទួលបន្ទុកចិញ្ចឹម។ សម្ដេចបន្ដថា ចំពោះអ្នកគាំទ្រកីឡាករ គឺត្រូវរកសណ្ឋាគារស្នាក់នៅ និងចំណាយដោយខ្លួនឯង ។ ចំពោះ កីឡាករ-កីឡាការិនី គ្រូបង្វឹក គឺទទួលបន្ទុកដោយរដ្ឋ។ សម្ដេចថា «ខ្មែរ ប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្ដែបេះដូងធំទូលាយ ជាងមហាសមុទ្រទៅទៀត»។
ជាមួយគ្នានេះ សម្ដេច លើកឡើងថា បើកម្ពុជាលក់បុត្រឲ្យអ្នកចូលទស្សនាស៊ីហ្គេមនៅកម្ពុជា ក៏មិនក្លាយជាអ្នកមានដែរ ផ្ទុយទៅវិញ គឺដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ដែលរងចាំរយៈពេល៦៦ឆ្នាំ។ លើសពីនេះ សម្ដេចក៏សូមការយោគយល់ដល់ប្រជាពលរដ្ឋ ក្នុងការស្ទះចរាចរណ៍ នៅពេលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏សង្ឃឹមថា ប្រទេសដទៃ នៅពេលធ្វើជាម្ចាស់ស៊ីហ្គេម នឹងមិនយកថ្លៃពីកីឡាកររបស់កម្ពុជា៕