ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបានជ័យលាភីនេះ មានចំនួនសរុប ២,៣៨៤នាក់ នារី ១,០៦៧នាក់ បានបញ្ចប់ការសិក្សាកាលពីឆ្នាំសិក្សា២០២០, ២០២១ និង២០២២កន្លងទៅនេះ។ ជ័យលាភីនេះរួមមាន៖ អធិការអប់រំ ៦៦នាក់ នារី ១២នាក់, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨១នាក់ នារី ៦៥នាក់, គ្រូបង្រៀនកម្រិតឧត្តម បណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន ២,០០៥នាក់ នារី ៩៣៧នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានបណ្តុះបណ្តាលតាមរូបមន្ត ១២បូក២ ចំនួន ៥០នាក់ នារី ៣៦នាក់ និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ៨២ នាក់ នារី ១៧នាក់។
ចាប់ពីក្រោយឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថានជាតិអប់រំ បានពង្រីកវិសាលភាពនៃកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់មានជាអាទិ៖ វគ្គបណ្តុះបណ្តាល ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ, វគ្គបណ្ដុះបណ្ដាលអធិការអប់រំ, វគ្គឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ, វគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ផ្នែកប្រឹក្សាគរុកោសល្យ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង, វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) និង (បរិញ្ញាបត្រ+២), វគ្គវិក្រឹតការគ្រូបង្រៀនកម្រិតមូលដ្ឋាន តាមប្រព័ន្ធពន្លឿន ឆ្ពោះទៅកម្រិតបរិញ្ញាបត្រ, វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯក ទេសភាសាបារាំង-ខ្មែរ ភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា ភាសាបារាំង-ជីវវិទ្យា ភាសាអង់គ្លេស-ខ្មែរ, វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសបឋម សិក្សា គ្រូឧទ្ទេសភាសាបារាំង-ខ្មែរ, និងគ្រូឧទ្ទេសអធិការអប់រំ៕