ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហើបថា នឹងឈរឈ្មោះសាកល្បងធ្វើមេឃុំ ពេលលាលែងពីតំណែង នាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដោយបង្ហើបហាក់ ក្នុងន័យលេងសើចថា នៅពេលដែលលាលែង ពីតំណែងនាយករដ្ឋមន្ត្រី សម្ដេចនឹងឈរឈ្មោះធ្វើមេឃុំ ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ជាង២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាថ្ងៃទី២៥ មេសានេះ សម្ដេចតេជោមានប្រសាសន៍ថា «ប៉ុន្តែចង់សាកដែរ (ធ្វើមេឃុំ) នៅពេលណាមួយ ចាំបោះឆ្នោតនៅឆ្នាំ២០២៧ គិតឈរឈ្មោះធ្វើមេឃុំ កន្លែងណាមួយ សាកល្បងធ្វើប៉ុន្មានខែមើល រួចហើយចាំលាចេញ ។ នេះក្នុងករណីដែលខ្ញុំលាលែង ពីតំណែងនាយករដ្ឋមន្ត្រី ។ បើក្នុងករណីមិនទាន់លាលែង ខ្ញុំអត់មានសិទ្ធិតែងតាំងមេឃុំទេ ព្រោះមេឃុំតែងតាំង ដោយការបោះឆ្នោត» ។

សម្ដេចតេជោបន្តថា «ប៉ុន្តែខ្ញុំក៏ចង់សាកដែរ នៅពេលណា ដែលខ្ញុំចាកចេញ ពីតំណែងនាយករដ្ឋមន្ត្រី ជាលទ្ធភាពមួយដែលខ្ញុំអាចទៅឈរឈ្មោះធ្វើមេឃុំ សាកល្បង ៤ទៅ៥ខែ នៅជាមួយមេឃុំ ដើម្បីមើលស្មៀនគេធ្វើការយ៉ាងម៉េច ហើយមានពាក្យបណ្ដឹងយ៉ាងម៉េច» ។

សម្ដេចបានរំលឹកថា បើយោងទៅលើអ្វី ដែលសម្ដេចចុះទៅមូលដ្ឋាន កាលពីជំនាន់ទស្សវត្សរ៍៨០ គឺមេឃុំ ធ្វើគ្រប់រឿងរហូតដល់ប្រពន្ធជេរក៏មាន ។

សម្ដេចតេជោ ក៏បានក្រើនរំលឹកដល់មន្ត្រី ដែលចុះទៅមូលដ្ឋានថា កុំឲ្យមូលដ្ឋាន ប្រើពាក្យកាលពីមុនដែលគេថា «ខាងលើចុះទៅ មូលដ្ឋានប៉ាវ ដល់មូលដ្ឋានឡើងមក មូលដ្ឋានប៉ាវថ្នាក់លើទៀត» ។

សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា នៅពេលណាដែលសម្ដេចឈប់ធ្វើនាយករដ្ឋមន្ត្រី គេហៅសម្ដចទៅសួរបទពិសោធន៍ គឺសម្ដេចដាក់ឲ្យគេសួរតែម្ដង ព្រោះសម្ដេចឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់សភាពការណ៍ និងគ្រប់ហេតុការណ៍ គ្មានអ្វីដែលកន្លងផុតសម្ដេចនោះទេ ៕

To Top