ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កូនៗនិងក្មួយៗ បក្សប្រឆាំង មករួមរស់ជាមួយរដ្ឋាភិបាល ក៏ពិនិត្យមើលដែរ មិនមែនចេះតែយកទេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រុមយុវជនដែលធ្លាប់គាំទ្រអតីត គណបក្ស ប្រឆាំង ហើយមក រួមរស់ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏ពិនិត្យមើលលក្ខណៈដែរ មិនមែនចេះតែយកទេ ដោយអ្នកណាមាន ជំនាញអ្វី ឲ្យធ្វើជំនាញរបស់ខ្លួន។

ថ្មីៗនេះ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ដោយឡែក លោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈពួកគាត់ទាំងពីរនាក់ ជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ហើយក៏ជាអ្នកប្រឆាំង ដ៏ខ្លាំងក្លាមួយចំពោះ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថាន ជាតិអប់រំ(NIE) នាថ្ងៃ២៥ មេសា សម្ដេចតេជោមានប្រសាសន៍ថា ឲ្យតែអ្នកចេញពីគណបក្សខ្លួន ចូលមកជាមួយ គណបក្សប្រជាជនកម្ពុជាគឺចោទថា ពួកគេជាជនក្បត់ជាតិ។

សម្ដេចបញ្ជាក់ឲ្យដឹងថា «កូន-ក្មួយ ដែលពីដើមធ្លាប់នៅខាងបក្សប្រឆាំង ឥឡូវមកចូលរួមជាមួយខាងរដ្ឋាភិបាល ហើយរដ្ឋាភិបាល ក៏មើលដែរ អ្នកណាមានជំនាញអី្វ ឲ្យធ្វើណុង ក្មួយៗ កូនៗ ដែលធ្វើការងារខាងសង្គមស៊ីវិល ឥឡូវក៏កំពុង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើកិច្ចការទាក់ទងជាមួយនឹងបញ្ហានេះ បញ្ហានោះ រាប់ទាំងបញ្ហាបរិស្ថាន ហេតុអី្វបានទៅជេរគេ។ ថ្ងៃហ្នឹងថាគេស្នេហាជាតិ គ្រាន់តែគេមកគាំទ្ររាជរដ្ឋាភិបាលភ្លាម ថាគេក្បត់ជាតិភ្លាម»។

សម្ដេចបន្ដថា គណបក្សប្រជាជនកម្ពុជា មិនមានវប្បធម៌លាបពណ៌ឡើយ អ្នកណា ចង់ទៅគណបក្សណា គឺជាសិទ្ធិ របស់ពួកគាត់ ក៏ប៉ុន្ដែសម្ដេច មិននឹកស្មានថា ពួកអ្នកប្រជាធិបតេយ្យ បែរជាមកប្រឆាំងទៅនឹងដំណើរការ ប្រជាធិបតេយ្យទៅវិញ និងប្រឆាំងការជ្រើសរើសដោយសេរី នៃសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ។

ក្រោយជួបសំណេះជាមួយ ឪពុកក្មេករបស់លោក យឹម ស៊ីណន សម្តេចនាយករដ្ឋមន្ដ្រី ក៏បានផ្តល់អគារសិក្សាថ្មី ទីចាត់ការ និងផ្ទះគ្រូស្នាក់នៅសម្រាប់វិទ្យាល័យហ៊ុន សែន ជ្រៃហូព្នៅ ស្ថិតឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈសម្ដេចថា ចំនួនប្រជាពលរដ្ឋបានកើនឡើង ហើយសាលាក៏ត្រូវតែបង្កើនផងដែរ។ សម្ដេចបន្ដថា នាពេលបច្ចុប្បន្ន សាលារៀន បានរត់រកសិស្ស មិនមែនសិស្សរត់ទៅរកសាលាដូចពេលមុនទៀតឡើយ៕

To Top