ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីប្រាប់បរទេស កុំធ្វើកំហុសជាលើកទី៣ មកលើកម្ពុជា

" "

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន បញ្ជាក់សារថ្មីប្រាប់បរទេស កុំធ្វើកំហុសជាលើកទី៣ មកលើកម្ពុជាទៀត បន្ទាប់ពីធ្លាប់បានគាំទ្ររបបលន់ នល់និងខ្មែរក្រហម ធ្វើឲ្យមានការកាប់ សម្លាប់គ្នានៅកម្ពុជា។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាថ្ងៃទី២៥ខែ មេសាឆ្នាំ ២០២៣ សម្តេចតេជោ មានប្រសាសន៍ថា ក្នុងជំនួបជាមួយភ្ញៀវបរទេស សម្តេចតែងតែប្រាប់កុំសាងកំហុស ជាលើកទី៣ បន្តទៀតចំពោះកម្ពុជា។ 

" "

សម្តេចបានលើកឡើងថា កំហុសទី១ ដែលបរទេសបានធ្វើគឺ បានតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែបានគាំទ្ររដ្ឋប្រហាររបបលន់ នល់ ទម្លាក់សម្តេចនរោត្តម សីហនុ ហើយធ្វើឲ្យកម្ពុជាមានសង្គ្រាម។ មានន័យថា ប្រជាធិបតេយ្យ នៅនឹងមាត់របស់អ្នកឯង។ កំហុសទី២គឺបានគាំទ្រ របបខ្មែរក្រហម កាលពីឆ្នាំ១៩៧៩ រហូត ដល់ឆ្នាំ១៩៩១ ។

" "

សម្តេចតេជោថា ទណ្ឌកម្មរបស់បរទេសមកលើកម្ពុជា ពេលនេះមិនមានប្រសិទ្ធភាពទេ ហើយមិនអាចរារាំង ការខិតខំរបស់ប្រជាជនកម្ពុជា ដែលរួចចេញពីការស្លាប់នោះបានដែរ ។ 

សម្តេចបញ្ជាក់ថា «អីញ្ចឹងទេសូមអ្នកឯង កុំធ្វើកំហុសបន្តទៀត អ្នកឯងមានបទពិសោធន៍រួចហើយ យើងមិនស្តីបន្ទោស អ្នកណាហើយ មិនឲ្យអ្នករើសដាក់ខ្លួនឲ្យសោះ ។ រឿងនេះកើតឡើងពីអតីតកាលរួចហើយ ។ អ្នកឯងកុំលាក់ ពេលអ្នកធ្វើខុសមិនដែលសុំទោសទេ ឬសោកស្តាយដែលបានគាំទ្ររបបលន់ នល់ដែលបានធ្វើរដ្ឋប្រហារ ឬសោកស្តាយដែលគាំទ្ររបបខ្មែរក្រហម នៅអង្គការសហប្រជាតិ ក៏គេមិនធ្វើផង»។

សម្តេចបានរំលឹកទៀតថា កាលពីមុនមានការពិបាក ហើយកម្ពុជាបានស៊ូទ្រាំ រហូតដល់បច្ចុប្បន្ន ដោយត្រូវខិតខំធ្វើការ កែទម្រង់វិស័យអប់រំនិងពង្រឹង គុណភាពអប់រំ នៅក្នុងប្រទេសដោយមិនត្រូវធ្វើតែប៉ុណ្ណឹងទេ គឺត្រូវធ្វើការកែទម្រង់បន្ថែមទៀត ៕

To Top