ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កន្លងទៅ អាជ្ញាធរបង្ក្រាប ផលិតផលក្លែងក្លាយទូទៅ ចំនួន១៣៥ករណី ក្នុងនោះ ផលិតផលឧបភោគបរិភោគបាន ១៣តោន។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គ.ប.ផ.ក ដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នាថ្ងៃ២៦ មេសា ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធាន លេខាធិការដ្ឋាន គ.ប.ផ.ក បញ្ជាក់ថា «ឆ្នាំ២០២២ ចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ដ្រ ផលិតផល គ្រឿងសម្អាង ផលិតផលឧបភោគបរិភោគ និងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅចំនួន ១៣៥ករណី ក្នុងនោះ ផលិតផលឧបភោគបរិភោគចំនួន១៣តោន»។
ឧត្តមសេនីយ៍ឯកបន្តថា ក្នុងចំណោមបង្ក្រាបផលិតផលក្លែងក្លាយខុសច្បាប់ទាំង១៣៥ករណីនេះ មានផលិតផល ឧបភោគបរិភោគ៣៦ករណី , ផលិតផលគ្រឿងសម្អាង២៣ករណី , ផលិតផលសម្ភារៈប្រើប្រាស់១៣ករណី , សម្ភារៈវេជ្ជសាស្ដ្រ និងបរិក្ខាពេទ្យ រួមមាន ៖ អាល់កុល-និងម៉ាស់៨០ករណី និង ផលិតផលបារីអេឡិចត្រូនិក១ករណី៕