ភ្នំពេញ ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានថ្លែងថា ឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាង២០ទាក់ទងនឹងការផលិត និងការជួញដូរផលិតផលក្លែងក្លាយបញ្ជូនទៅកាន់តុលាការ ខណៈផលិតផលក្លែងក្លាយជាង៣០តោន ត្រូវបានរឹបអូស និងដុតកំទេចចោលជាបន្តបន្ទាប់។

ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ របស់ គ.ប.ផ.ក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក មៀច សុផាន់ណា បានបញ្ជាក់ថា «សមត្ថកិច្ច បានចុះបង្ក្រាប ឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ដ្រ ផលិតផលគ្រឿងសម្អាង ផលិតផលឧបភោគបរិភោគ និងផលិតផលក្លែងក្លាយ ខុសច្បាប់ទូទៅបានជាង៣០តោន ដោយក្នុងនោះផលិតផល ឧបភោគបរិភោគចំនួន១៣តោន និងប៊ីចេង ចំនួន១៨តោន។

រដ្ឋលេខាធិការរូបនេះបន្ដថា ផលិតផលដែលត្រូវរឹបអូសបានកាលពីកន្លងទៅជាបន្តបន្ទាប់ សុទ្ធតែមានហានិភ័យខ្ពស់ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ ដោយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្វើរបស់ពួកគេខុសពីស្តង់ដា និងខ្លះទៀតហួសកាលបរិច្ឆេទ ដូចជាប្រហិត និងសាច់ចម្រុះជាដើម។

លោកបន្ថែមថា ក្នុងពេលប្រតិបត្តិការចុះបង្រ្កាបដល់ទីតាំងផលិតផលក្លែងក្លាយទាំងនោះ ក្រុមការងារក៏បានជួបឧបសគ្គមួយចំនួនផងដែរ ដោយទីតាំងខ្លះខ្វះការសហការ ជាមួយអាជ្ញាធរ និងខ្លះទៀតត្រូវបានអ្នកមានអំណាចមកកាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារនៅតែបន្តធ្វើដើម្បីសុខភាពរបស់ ប្រជាពលរដ្ឋ និងដើម្បីសន្តិសុខជាតិ ខណៈផលិតផលក្លែងក្លាយទាំងនេះ ត្រូវបានអន្តរជាតិចាត់ទុកថាជាបទឧក្រិដ្ឋឆ្លងដែនដ៏ធំ ៕

