ព្រះសីហនុ៖ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី បើកវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)» ដែលបានរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះ លោក រដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូ និងភ្ញៀវកិត្តិយស មកពីប្រទេសចំនួន ១៩ មកកាន់វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានអះអាងថានេះជាលើកទី៣ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គនេះ។

លោក ថោង ខុន អះអាងដែរថា វេទិកានេះ គឺជាវេទិកាកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយមួយរបស់ GMS រវាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញ អាជ្ញាធរពាក់ព័ន្ធ អ្នកពាក់ព័ន្ធវិស័យឯកជន និងសាធារណៈក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពិភាក្សា និងចែករំលែកការអនុវត្តល្អៗ បទពិសោធន៍ ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍន៍ទេសចរណ៍ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ GMS ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីធានាភាពស៊ាំសហគមន៍ ដែលជាគន្លឹះក្នុងការបើកប្រទេសឡើងវិញទាំងស្រុងនៅចុងឆ្នាំ២០២១ ដែលជាផ្នែកនៃកត្តាសំខាន់ក្នុងការទទួលបានកំណើនទេសចរណ៍ឡើងវិញជាមួយនឹងទំនុកចិត្ត និងភាពជឿជាក់។ នៅឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២,២៨លាននាក់ ក្នុងនោះទេសចរ ១.៥លាននាក់ មកពីប្រទេស GMS ដោយរកចំណូលបានប្រមាណ ១.៤១៥ លានដុល្លារ។ ចំណែកភ្ញៀវទេសចរក្នុងស្រុក មានចំនួនជិត ១៤លាននាក់ រកចំណូលបានប្រមាណ ៦៥០ លានដុល្លារ រួមចំណែកប្រមាណ ៣,៦ ភាគរយនៃ GDP សរុប។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមប្រធានបទ «គ្រប់ថ្ងៃ គឺជាអច្ឆរិយៈភាព៖ លើសពីនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រយៈពេល៦៤ឆ្នាំ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព»។ ក្នុងនោះដែរលោកក៏បានអញ្ជើញលោក លោកស្រី ចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈពេលនេះយើងនៅសល់ពេល៩ថ្ងៃទៀតពីពិធីបើក។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានបង្ហាញក្តីរំពឹងដែរថា ភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ និងឯកជននឹងបង្កើតឱកាសពិសេសមួយ ដើម្បីជំរុញក្របខ័ណ្ឌ ប្រកបដោយការច្នៃប្រឌិត និងកិច្ចសហការ សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ ឆ្ពោះទៅរកភាពធន់ នៅក្នុងយុគសម័យ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងនាំយកមកវិញនូវអ្វីដែលបានបាត់បង់ ក្នុងវិស័យទេសចរណ៍ ជាពិសេសអាជីវកម្ម និងចំណូលទេសចរណ៍៕


