ព័ត៌មានជាតិ

សម្ដេចតេជោ៖ និស្សិតខ្មែរ-ឥស្លាម បានជម្លៀសដល់ អារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា និស្សិតខ្មែរ-ឥស្លាម ចំនួន ៦នាក់ បានជម្លៀសមកដល់ ប្រទេសអារ៉ាប៊ីសាអូឌីតហើយ ដោយមានជំនួយរបស់ប្រទេសឡេស៊ី ខណៈពួកគេកំពុងមានសុវត្ថិភាព។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោបានឲ្យដឹងថា និស្សិតខ្មែរ-ឥស្លាម កំពុងសិក្សានៅស៊ូដង់ដែល កំពុងមានសង្គ្រាមយ៉ាងខ្លាំងក្លា ត្រូវបានជម្លៀសមកកាន់អារ៉ាប់ប៊ីសាអូឌីត និងបន្តមកកាន់ម៉ាឡេស៊ី ជាទីដែលមានសុវត្ថិភាព។

សម្ដេចគូសបញ្ជាក់ថា «និស្សិតខ្មែរ-ឥស្លាម របស់យើងដែលរៀននៅរាជធានីខាតូម របស់ប្រទេសស៊ូដង ដែលកំពុងប្រយុទ្ធខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង តាមរយៈនាវា ហើយឥឡូវនេះ ពួកគេបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយជំនួយរបស់ម៉ាឡេស៊ី»។

សម្ដេចបន្ដថា តាមការជូនដំណឹងរបស់លោកអូស្មាន់ ហាសាន់ គឺនិស្សិតខ្មែរ-ឥស្លាម ចំនួន៦នាក់នេះ កំពុងធ្វើដំណើរទៅសណ្ឋាគារ “សូមក្រុមគ្រួសារ របស់និស្សិតខ្មែរ-ឥស្លាមនេះ បានជម្រាបថា កូនចៅរបស់ខ្លួនមានសុវត្ថិភាពហើយ»។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានអរគុណចំពោះរដ្ឋាភិបាល និងមន្ដ្រីរបស់ម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ ជួយដល់ប្រជាជនកម្ពុជា ហើយក៏អរគុណចំពោះរដ្ឋាភិបាល និងមន្ដ្រីអារ៉ាប៊ីសាអូឌីត បានផ្ដល់ឱកាសសម្រាប់ការជ្រកកោន រយៈពេលខ្លីរបស់និស្សិតខ្មែរ-ឥស្លាម។

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា បរទេសសម្រុកជម្លៀសពលរដ្ឋរបស់ពួកគេ ចេញពីស៊ូដង់ដែលហែកហួរ ដោយភាពអនាធិបតេយ្យ ជាកន្លែងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈការប្រយុទ្ធគ្នាបាន អូសបន្លាយរយៈពេលដប់ថ្ងៃ រវាងកងកម្លាំងស្មោះត្រង់នឹងឧត្តមសេនីយពីររូប ៕

To Top