ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានរំលឹកថា លោក សរ ចំរុង អតីតអភិបាលរង ខេត្តបន្ទាយមានជ័យ អាចនឹងត្រូវចាប់ខ្លួននៅពេលនោះ បន្ទាប់អភិបាលរងខេត្តបន្ទាយម្នាក់បង្ខូចឈ្មោះ សរ ចំរុង ដោយកហុស សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ក្រោយដោះស្រាយបញ្ហានេះរួច រាជរដ្ឋាភិបាល បានផ្ទេរលោក សរ ចំរុង ពីអភិបាលរងខេត្តបន្ទាយមានជ័យ មកធ្វើជាអភិបាលខេត្តក្រចេះវិញ។ បច្ចុប្បន្ននេះ លោក សរ ចំរុង ប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA)នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោបានមានប្រសាសន៍ថា បើសិនពេលនោះ សម្ដេច យល់ព្រមចុះហត្ថលេខា ឲ្យចាប់ខ្លួនលោក សរ ចំរុង គឺគាត់ជាប់ពន្ធនាគារតាំងពេលនោះហើយ ដោយសារការញុះញង់អភិបាលរងខេត្តម្នាក់។
សម្ដេច គូសបញ្ជាក់ថា «សម្ដេចក្រឡាហោម នៅចាំបានទេ? កុំអី សរ ចំរុង ដែលជាប្រធានគណៈកម្មការ សភា រាល់ថ្ងៃនេះ កុំអីត្រូវចាប់ខ្លួនដោយតុលាការពោធិ៍សាត់ហើយ នៅចាំបានទេ? ពេលហ្នឹង គឺបានសេចក្ដីថា ពេលហ្នឹងបើខ្ញុំ ស្ដាប់សម្ដេច ក្រឡាហោម ពេលហ្នឹង ហើយសម្ដេចក្រឡាហោម ក៏ជឿទៅតាមអនុខេត្តម្នាក់ សរ ចំរុង ត្រូវចាប់ខ្លួនបាត់ទៅហើយ ហើយផ្ទេរសមត្ថកិច្ចមកតុលាការខេត្តពោធិ៍សាត់ ប៉ុន្ដែខ្ញុំបាន ការពារ»។
សម្ដេចបន្ដថា នៅពេលសម្ដេច ដឹងរឿងហេតុផលច្បាស់លាស់ ក៏បានដកអភិបាលរងនោះភ្លាមៗ ក្រោយបង្ខូច ឈ្មោះលោក សរ ចំរុង។ សម្ដេច រំលឹកទៀតថា បន្ទាប់មកទៀត លោក សរ ចំរុង មិនត្រឹមត្រូវតែជាអភិបាល រងខេត្តបន្ទាយមានជ័យនោះទេ ថែមទៀត ជាអភិបាលខេត្តក្រចេះ រហូតដល់ចូលនិវិត្តន៍ផងដែរ។
សម្ដេចគូសបញ្ជាក់ទៀតថា «អីចឹងពេលហ្នឹង ខ្ញុំអនុវត្តទៅតាមការចង់បានរបស់អនុខេត្តម្នាក់នោះ ឆ្លងកាត់តាមសំណើរបស់ សម្ដេចក្រឡាហោម, សរ ចំរុង ជាប់គុកតាំងពេលនោះ»។ សម្ដេចបន្ដថា «បំភ័ន្តដល់រដ្ឋមន្ដ្រីមហាផ្ទៃ តែមិនអាចបំភ័ន្តនាយករដ្ឋមន្ដ្រីបានឡើយ»។
ជុំវិញបញ្ហានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា ដូច្នេះការងារអ្វីក៏ដោយ ត្រូវមានយុត្តិធម៌ កុំយកដាក់ខ្លួនចំពោះមន្ដ្រីពូកែញុះញង់ ហើយដាចខាតកុំចង់បានកន្លែងគេ ទៅញុះញង់ថា «គេមិនល្អ»។
សម្តេចប្រកាសដោយប្រាកដនិយមថា បើនរណានិយាយអាក្រក់ពីអ្នកដទៃប្រាប់សម្តេច, ពេលចេញទៅវិញ អ្នកនោះក៏និយាយដើមសម្តេចប្រាប់គេវិញម្តង។ សម្តេច បានបញ្ជាក់ថា សម្ដេច គឺជាសត្រូវរបស់ពួកបំផ្លាញជាតិ ដូច្នេះទើបពួកអាក្រក់ដែលធ្វើអំពើអាក្រក់ មានគំនិតបំផ្លាញជាតិ តែងតែរិះគន់សម្ដេចថា មិនល្អ មិនឈប់ឈរ៕