ព័ត៌មានជាតិ

សម្តេចតេជោ ៖ ករណីទាមទារដកសោម ពិសិដ្ឋ មានអ្នកព្យាយាមដុតឲ្យខ្លោច រោចឲ្យឆៅ រឿងទារភាស៊ី អានាម័យ ពេលចូលកែប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មានអ្នកខ្លះព្យាយាម ដុតឲ្យខ្លោច រោចឲ្យឆៅ រឿងយកភាស៊ី អនាម័យ ពេលចូលទឹកដីខេត្តកែប ដោយទាមទារឲ្យដកតំណែង លោកអភិបាលខេត្ត លោក សោម ពិសិដ្ឋ ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នាថ្ងៃទី២៧ មេសាសម្តេចតេជោ បានមានប្រសាសន៍ថា «ថ្ងៃមុនខ្ញុំជេរចៅហ្វាយខេត្តកែប ខ្ញុំថាអត់មានចៅហ្វាយខេត្តណា ល្ងង់ជាងចៅហ្វាយខេត្តកែបទេ ប៉ុន្តែមានអាថែមប្រហុក ថែមអំបិល ចេញតាមដូចជាភ្នំពេញដេលី ទាមទារឲ្យដកចៅហ្វាយខេត្តកែបចេញ ។ ខ្ញុំសឹងតែបកត្រឡប់ទៅវិញថា កុំដុតឲ្យខ្លោច កុំរោចឲ្យឆៅ វាល្ងង់គឺវាល្ងង់ហើយ ព្រោះម៉ែអាណាជាន់ដីកែបភ្លាម ទារភាស៊ីភ្លាម វាល្ងង់ហួស» ។

ពាក់ព័ន្ធរឿងអភិបាលខេត្តកែបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចជេរថាប្រដៅ ដូចកូនចៅអីចឹង ព្រោះថាលោក សោម ចិន ឪពុកលោក សោម ពិសិដ្ឋ ធ្វើជាទាហាននៅជាមួយសម្ដេច តាំងពីឆ្នាំ១៩៧៨ ។

សូមរំលឹកថា កាលពីថ្ងៃទី១៥ មេសាកន្លងមកនេះ មាន ប្រជាពលរដ្ឋម្នាក់ បានសរសេរសារផ្ញើមកសម្តេចតេជោ ទាក់ទងនឹងការតម្រូវឲ្យបង់ប្រាក់ចេញ ចូលក្នុងទឹកដីខេត្តកែប ដែលបញ្ហានេះ បានធ្វើឲ្យសម្តេចតេជោ ចេញសារជាបន្ទាន់ ឲ្យអភិបាលខេត្តកែប ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ចប់នីតិវិធីនៃការបង់លុយ ពីរថយន្តធ្វើដំណើរឆ្លងកាត់ខេត្តកែប ៕

To Top