ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បិទវគ្គបណ្តុះបណ្តាល -ហ្វឹកហ្វឺន ឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធ អគារបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ បិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារ បដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ (រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

លោក សូមចូលរួមអបអរសាទរ ជាមួយនាយទាហាន នាយទាហានរង ជាសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ កន្លងទៅ ហើយដែលត្រូវ ទទួលសញ្ញាបត្រ នាពេលនេះ ។ ជាមួយគ្នា ក៏សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២៣ ចំនួន ២០ វគ្គ ដែលត្រូវបើកដំណើរ ការជាបន្តទៀត ស្របតាម ផែនការស្តីពីការ ហ្វឹកហ្វឺនបណ្តុះបណ្តាល របស់ក្រសួងការពារជាតិ ដើម្បីកសាងសមត្ថភាពយោធិន និងបង្កើនធានធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ សំដៅសម្រេចភារកិច្ច ដែលរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន។

លោកនាយឧត្តមសេនីយ៍ ស្នើសូមនិស្សិត-សិក្ខាកាមទាំងអស់ ប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបានពីវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញ រាល់ភារកិច្ចនៅតាមបណ្តាស្ថាប័ន-កងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និង ប្រជាជនរបស់យើង ឱ្យទទួលបានជោគជ័យ និង កាន់តែមានប្រសិទ្ធភាព ។ ចំពោះនិស្សិត-សិក្ខាកាមវគ្គថ្មី និងវគ្គបន្ត, សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតី របស់និស្សិត-សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ ជាក់ស្តែងល្អៗ ពីសាស្ត្រាចារ្យ យោធាចារ្យ សម្រាប់ការអភិវឌ្ឍខ្លួនឯង ឱ្យមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រង រាល់ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ក្នុងពេលចំពោះមុខ និងតទៅអនាគត ។

លោក សូមធ្វើការ វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើន ជាលំដាប់របស់សាកលវិទ្យាល័យការពារជាតិ ដែលជាគ្រឹះស្ថានអប់រំ ផ្នែកយោធាកម្រិត ឧត្តមសិក្សាឈានមុខមួយ ដោយតាំងពីក្រោយការដួលរលំ នៃរបបខ្មែរក្រហម រហូតមកដល់ពេលនេះ សាកលវិទ្យាល័យការពារជាតិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល ០៥ ឆ្នាំ ចុងក្រោយនេះ គឺឆ្នាំ២០១៨-២០២៣ ដែលមានវគ្គបណ្តុះបណ្តាលសរុប រហូតដល់ ៦០ វគ្គ និងមានសិក្ខាកាមប្រមាណជាង ៤,០០០ នាក់ ហើយដែលចំនួនសិក្ខាកាមនេះ បានកើនឡើងលើសសន្ទស្សន៍ ផែនការពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការចង់ចេះចង់ដឹងរបស់យោធិនយើង ក្នុងដំណាក់កាលនៃការកែទម្រង់ និងឱកាសមាសនៃសន្តិភាព ។

លោកបណ្ឌិត លើកជាជាទស្សនៈផ្ទាល់ខ្លួន កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ ដើម្បីឆ្លើយតបប្រកប ដោយប្រសិទ្ធភាពទៅនឹងសំណូមពរភារកិច្ច ចាំបាច់ជាក់ស្តែងចំពោះមុខ និងសម្រាប់ពេលអនាគត ហើយការធ្វើទំនើបកម្ម នោះទៀតសោត ត្រូវផ្តោតលើកត្តាចម្បង ចំនួន ៣ គឺ៖ ទី១. ទំនើបកម្មរចនាសម្ព័ន្ធ សំដៅលើការរៀបរយក្របខ័ណ្ឌ ចាត់តាំងកម្លាំង ដើម្បីត្រៀមឆ្លើយតបទៅ នឹងហានិភ័យចំពោះមុខ មានជាអាទិ៍៖ អំពើភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិ ជាដើម, ទី២. ទំនើបកម្មគ្រឿងបំពាក់ សំដៅទៅលើសមត្ថភាព ម្ចាស់ការលើការធានាសម្ភារបច្ចេកទេស និងបរិក្ខារផ្សេងៗ, និងទី៣ ទំនើបកម្មធនធានមនុស្ស ដោយផ្តោតលើការ ធ្វើទំនើបកម្មប្រព័ន្ធហ្វឹកហ្វឺន ដែលរួមមាន ៖ សាលាហ្វឹកហ្វឺន, យោធាចារ្យ, កម្មវិធីសិក្សា និងការស្រាវជ្រាវចងក្រងខ្លឹមសារមេរៀន សំដៅធានាការលើកកម្ពស់ គុណភាពហ្វឹកហ្វឺន ឱ្យកាន់តែមានប្រសិទ្ធភាព៕

To Top