ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ចាកចេញពី កម្ពុជា ដើម្បីបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ២០២៣ ។

ដំណើរទស្សនកិច្ចការងារ នៅទីក្រុងប៉េកាំង របស់សម្ដេច ស ខេង និងគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ នាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខចិន និងដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខចិន ដោយសម្ដេច ស ខេង នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២២ រវាងក្រសួងទាំងពីរផងដែរ៕


