ភ្នំពេញ ៖ បើតាម លោកដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា រដ្ឋាភិបាលអង់គ្លេសគ្រោង នឹងរៀបចំដាក់ចេញ នូវប្រព័ន្ធអនុគ្រោះពន្ធថ្មីឈ្មោះថា (Developing Countries Trading Scheme -DCTS) ដល់កម្ពុជា ។ តាមគម្រោងនឹង អនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៣នេះ។
នេះជាអ្វីដែលលោកទូតអង់គ្លេសអះអាង នៅចំពោះមុខលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខ្មែរ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួង ។
លោកបន្តថា ភាពខុសគ្នារវាងប្រព័ន្ធអនុគ្រោះ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើច្បាប់នៃប្រភពដើម។
លោកឯកអគ្គរាជទូតថា “ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភព អង់គ្លេស នៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS”។
លោកឲ្យដឹងទៀតថា តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយ ចំនួនទៅ អង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន ៖ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។
សូមជម្រាបថា កម្ពុជាបានអស់សុពលភាពពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ប្រមាណជាជិត៣ឆ្នាំមកហើយតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពីសហរដ្ឋអាមេរិក ទោះបីអស់សុពលភាពពីអាមេរិកក៏ដោយ តែចក្រភពអង់គ្លេសនៅតែបន្តផ្តល់ ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះដល់កម្ពុជាដដែលសម្រាប់រួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេស ទាំង២ ។ GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ អនុញ្ញាតឲ្យមានការនាំចូលទំនិញ ដោយមិនបង់ពន្ធទៅកាន់អាមេរិក ។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងឆ្នាំ១៩៩៧ ហើយអាចឲ្យកម្ពុជានាំទំនិញ និងផលិតផល រាប់ពាន់មុខទៅកាន់ទីផ្សារអាមេរិក ។
គួរឲ្យដឹងថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេសបានបន្តកើនឡើងជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង៩៧៧លានដុល្លារ ឬកើនឡើង ប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប ។ រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជា គឺរថយន្ត និងកាក សំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ ៕