ព័ត៌មានជាតិ

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ សម្ពោធ កម្មវិធីហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព នៅអាស៊ី

ភ្នំពេញ ៖ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍សម្ពោធកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី (Sustainable Infrastructure Programme in Asia) រួមជាមួយលោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum – ITF)។

ព្រឹត្តិការណ៍សម្ពោធកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី នាឱកាសនេះ ប្រារព្ធឡើងក្រោមប្រធានបទ «ការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់ភូមិភាគអាស៊ីអាគ្នេយ៍» (Enhancing Regional Freight Connectivity for South East Asia)។ ព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់អ្នកចូលរួមនូវទិដ្ឋភាពទូទៅ នៃទីផ្សារដឹកជញ្ជូនទំនិញក្នុងតំបន់ នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលលើ ទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញបច្ចុប្បន្ន ក្របខ័ណ្ឌគោលនយោបាយ បែបផែននៃការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម។ លើសពីនេះ អ្នកចូលរួមក៏អាចធ្វើការស្វែងយល់អំពីផែនការយុទ្ធសាស្ត្រដឹកជញ្ជូនជាតិ និងតំបន់ ដែលមានស្រាប់ ក៏ដូចជាគំនិតផ្តួចផ្តើមលើកកម្ពស់ការតភ្ជាប់អន្តរជាតិផងដែរ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលក្នុងនោះមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន ១៥០ ត្រូវបានដាក់បញ្ចូល ដោយត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក។

សូមជម្រាបដែរថា ប្រទេសកម្ពុជាគឺជាប្រទេសដំបូងគេ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានចូលរួមជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum – ITF) ក្នុងឆ្នាំ២០២២។ ក្នុងនាមសមាជិក យើងអាចចូលរួមចំណែកចែករំលែក និងរៀនសូត្រពីបណ្ដាសមាជិកប្រទេសអភិវឌ្ឍន៍ នូវបទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីកែលម្អប្រព័ន្ធភ័ស្ដុភារកម្ម និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា៕

To Top