កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី រោងចក្រវាយនភ័ណ្ឌមេតថេត ជិត ៣,០០០ នាក់ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនោះ ក្រៅពីការជួបជុំ សំណេះសំណាល របស់ លោកអភិបាលខេត្ត និងកម្មករ កម្មការិនីប្រកបដោយភាពសប្បាយរីករាយ លោក អ៊ុន ចាន់ដា ក៏បានរំលឹកផងដែរថា នៅបរិវេណតាមដងផ្លូវមុខរោងចក្រ កន្លងទៅមានទឹកលិចក្នុងរដូវវស្សា ដែលប្រការនេះធ្វើឲ្យបងប្អូនកម្មករ កម្មការិនី លំបាកក្នុងការធ្វើដំណើរ ។ ប៉ុន្តែបច្ចុប្បន្ននេះ អាជ្ញាធរខេត្ត រួមជាមួយអាជ្ញាធរស្រុកកំពង់សៀម បានរៀបចំធ្វើប្រព័ន្ធលូបង្ហូរទឹករួចរាល់ហើយ ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ភ្លើងមួយខ្សែកាត់តាមភូមិប្រសំ ត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូប្រភេទ DBST រួចហើយដឺរ សម្រាប់សម្រួលដល់ការដឹកជញ្ជូន បងប្អូនកម្មករ កម្មការិនី ចូល និង ចេញពីធ្វើការ ។
លោកអភិបាលខេត្តបានរំលឹកថា ផ្លូវមួយខ្សែខាងលើនេះ ពីមុនជាប្រភេទផ្លូវដីសរ ថ្មភ្នំ និងមានគ្រលុកច្រើន ដែលកាលនោះ លោក បានជួបប្រទះឃើញរថយន្តដឹកជញ្ជូនកម្មករ កម្មការិនីយើង ពេញៗ តោងឈរផង មានសភាពលំបាកក្នុងការធ្វើដំណើរ ។ បន្ទាប់ពីបានជួបប្រទះដូច្នោះ ទើបលោកអភិបាលខេត្ត បានសម្រេចស្ថាបនាផ្លូវមួយខ្សែនោះ ជាផ្លូវក្រាលកៅស៊ូប្រភេទ DBST តែម្ដង ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីយើង ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ណាមួយ ដោយយថាហេតុ ។

ទន្ទឹមនឹងនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ ពិនិត្យ និងធ្វើការដោះស្រាយនូវបញ្ហា ប្រឈមនានា ជូនដល់ប្រជាពលរដ្ឋយើង និងជួយលើកកម្ពស់គុណភាពជីវិត ដើម្បីឲ្យប្រជាពលរដ្ឋយើងរស់នៅ ប្រកបដោយភាពសុខសាន្ត និងបំពេញការងារទទួលបានប្រាក់ចំណូលសមរម្យ ដែលអាចធានាបាន ក្នុងការផ្គត់ផ្គង់ជីវភាព គួបផ្សំការអភិវឌ្ឍក្នុងមូលដ្ឋាន ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋផងដែរ ៕



