ព័ត៌មានជាតិ

ក្រសួងបរិស្ថាន សហការជាមួយ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ

" "

ភ្នំពេញ​៖ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស មន្រ្តីអនុវត្តន៍ច្បាប់ និងអាជ្ញាធរដែនដីនៅក្នុងខេត្តបាត់ដំបង។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានាពេលថ្មីៗនេះ​ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណង បញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាព ដល់មន្រ្តីអនុវត្តន៍ច្បាប់ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ នឹងការការពារ គ្រប់គ្រង អភិរក្សបរិស្ថាន និងធនធានធម្មជាតិ ខណៈមន្រ្តីអនុវត្តន៍ច្បាប់ គឺជាតួអង្គដ៏សំខាន់ ក្នុងការចូលរួមសហការ និងការពារតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ។

" "

លោករដ្ឋលេខាធិការ បានថ្លែងឱ្យដឹងបន្ថែមថា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានតំបន់ការពារធម្មជាតិចំនួន៧កន្លែង ដែលចាំបាច់ត្រូវការពារ និងអភិរក្សយ៉ាងម៉ឺងមាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ ចំពោះប្រទេសជាតិនិងកូនចៅជំនាន់ក្រោយ។ ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុក្នុងការទិញលក់បានឡើយ។ រាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮ លើលិខិតទិញលក់ដី ក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

" "

ក្នុងឱកាសនោះ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពរបស់មន្រ្តីអនុវត្តន៍ច្បាប់ ក្នុងការបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងការកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

To Top