ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល សំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

លោក សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សរុបប្រមាណជាង ១ ពាន់នាក់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងភារៈជាអ្នកសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋ ចូលរួមក្នុងពិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយក្នុងលក្ខណៈជាមហាគ្រួសារគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញនេះ។ ពិតណាស់ ស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺមានលក្ខណៈខុសផ្ទុយគ្នាស្រឡះពីស្ថានភាពកាលពីជាង ២ ឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញនៅពេលនោះកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយដែលយើងទាំងអស់គ្នា ពិតជាមានការព្រួយបារម្ភចំពោះការវិវត្តទៅមុខ នៃស្ថានការណ៍ ដែលពិបាកនឹងប៉ាន់ស្មាន ជាពិសេសបើប្រៀបទៅនឹងភាពច្របូកច្របល់ ដែលបានកើតមាននៅក្នុងបណ្តាប្រទេសនានា ជាច្រើនក្នុងតំបន់ និងសាកលលោកនាពេលនោះ ។

លោកបណ្ឌិត សូមថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះ “កងទ័ពអាវស” ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបានរួមសាមគ្គីគ្នាជាមួយនឹងមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ ដោយពេលនោះ បានសស្រាក់សស្រាំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង រហូតមិនគិតដល់អាយុជីវិត របស់ខ្លួនឯង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិត របស់ប្រជាពលរដ្ឋចាស់ក្មេងឱ្យរួចផុត ពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

លោក ម៉ាណែត រំលឹកថា ទោះបីជាជំងឺកូវីដ-១៩ នៅមិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង ប៉ុន្តែបន្ទាប់ពីបានជម្នះឆ្លង កាត់មហាគ្រោះភ័យនៃវិបត្តិនេះ ជាពិសេសតាមរយៈជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅទូទាំងប្រទេស, កម្ពុជាបានខិតខំពុះពារ រហូតសម្រេចបាននូវសមិទ្ធផល ជាច្រើនលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន។ ក្នុងនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ និងសុខភាពសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកប ដោយភាពសុខសាន្ត របស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាង រឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ។

លោក បន្តថា សព្វថ្ងៃនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់ទាំងផ្នែកសំណង់អគារ, ហេដ្ឋារចនាសម្ព័ន្ធរូបវ័នុ្ត, សេវាអគ្គិសនី, សេវាទឹកស្អាត, សេវាអប់រំ, សេវាសុខាភិបាល, សន្តិសុខ និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំងសេវាកម្មចម្រុះសម្បូរ បែបជាច្រើនផ្តល់ ដោយវិស័យឯកជន ហើយពិតស័ក្តិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា និងជាចំណុច នៃសរសៃឈាមប្រមូលផ្តុំគ្រប់ផ្នែក គ្រប់វិស័យរបស់ជាតិ ទាំងនយោបាយ សេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម ទេសចរណ៍ សង្គម និងវប្បធម៌ ។ សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព ដែលជាបរិស្ថានគ្រប់ដណ្តប់ចាំបាច់ សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ៕





















