នយោបាយ

លោក ហ៊ុន ម៉ានី ៖ បើបក្សមិនឈ្នះឆ្នោត សមាជិកក៏មិនមានឱកាស បន្តដឹកនាំប្រទេស ឲ្យកាន់តែរីកចម្រើនដែរ

ភ្នំពេញ ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា បើគណបក្សប្រជាជនកម្ពុជា មិនឈ្នះឆ្នោតទេ សមាជិក សមាជិកាបក្សក៏មិនមានឱកាស បានបន្តដឹកនាំប្រទេស ឲ្យកាន់តែរីកចម្រើនដែរ។

ថ្លែងក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ លើប្រធានបទ «ការងារចលនាមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣» ក្នុងពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជន ទូទាំងប្រទេស កាលពីថ្ងៃ៣០មេសា លោក ហ៊ុន ម៉ានី លើកឡើងថា «បើបក្សមិនឈ្នះឆ្នោតទេ សមាជិក សមាជិកាបក្សក៏មិនមានឱកាស បានបន្តដឹកនាំប្រទេស ឲ្យបានកាន់តែរីកចម្រើនដែរ»។ ទន្ទឹមនឹងការលើកឡើង ខាងលើលោកបានបញ្ជាក់ថា ការឈ្នះ មិនមែនឈ្នះឆ្នោត តែត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នោះទេ ត្រូវតែឈ្នះជារៀងរហូត និងគ្រប់ពេលវេលា។ សកម្មជនគណបក្សទាំងអស់ ត្រូវអនុវត្តនយោបាយឲ្យជាក់លាក់ មានអាកប្បកិរិយាល្អ ពាក្យសម្តីទន់ភ្លន់ច្បាស់លាស់ បន្តធ្វើអំពើល្អជាប្រចាំ ដើម្បីឲ្យប្រជាជនមានទំនុកចិត្តថា គណបក្សប្រជាជន ពិតជានៅជាមួយប្រជាជន។ ការកាន់អំណាច គឺដើម្បីប្រជាជន។

សូមជម្រាបជូនផងដែរថា រយៈពេលពេញមួយថ្ងៃ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជន ទូទាំងប្រទេស ក្នុងគោលដៅដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែក ដល់រចនាសម្ព័ន្ធរបស់គណៈចលនាមហាជនទូទាំងប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ សម្រាប់ដំ ណើរឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

To Top