ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់ទុកអ្នករិះគន់ មិនយាងព្រះមហាក្សត្រ បើកព្រឹត្តិការណ៍ស៊ីហ្គេម ជាចេតនាបំបែកបំបាក់ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកសម្តីក្រុមអ្នករិះគន់ មិនយាងព្រះមហាក្សត្រ បើកការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ គឺជាចេតនាទុច្ចរិតបំបែកបំបាករវាង ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។

នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ(៥ឧសភា)នឹងដល់ថ្ងៃកម្ពុជា ដែលជាម្ចាស់ផ្ទះបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣ ក្រោយពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានស្តេចយាងប្រោស ព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅលើទឹកដីដ៏បវរខេត្តសៀម មុនដង្ហែព្រះអគ្គិជ័យកីឡា ទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន ទាំង១១ ខណៈបច្ចុប្បន្ននេះ កំពុងដង្ហែនៅជុំវិញបណ្តាខេត្ត ជាប់បឹងទន្លេសាប ។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅព្រះសីហនុ នាថ្ងៃ១ ឧសភា សម្ដេចតេជោបានបញ្ជាក់ ទៅកាន់ក្រុមជនមួយចំនួនកំពុងញុះញង់បំបែកបំបាកផ្ទៃក្នុងកម្ពុជា ដោយយក ព្រះមហាក្សត្រ ទៅភ្ជាប់នឹងព្រឹត្តិការណ៍ស៊ីហ្គេមថា «បើសិនជាមិនចេះ មិនយល់ពីកិច្ចការងារទេ កុំធ្វើសកម្មភាពញុះញង់ និងបំបែកបំបាកកម្ពុជា»។

សម្ដេចតេជោថា «ខ្ញុំ សូមបញ្ជាក់ទៅមនុស្សមួយចំនួន ដែលកំពុងញុះញង់ បំបែកបំបាករវាងព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ មុនដំបូងឲ្យវាយាយឲ្យផុតសិន ហើយចាំប្រាប់វាថា របបប្រធានាធិបតី និងរបបសភា គឺមុខខុសរបៀបម៉េច?។ វាថា អត់យាងព្រះមហាក្សត្រ ទៅបើកស៊ីហ្គេម ព្រះមហាក្សត្រ ព្រះអង្គប្រទានរួចហើយ»។

សម្ដេចតេជោបន្ដថា ក្នុងប្រទេសអាស៊ាន មានតែប្រទេស ៣ប៉ុណ្ណោះ មានប្រមុខរដ្ឋប្រកាសបើកព្រឹត្តិការណ៍ស៊ីហ្គេម រួមមាន៖ ឥណ្ឌូនេស៊ី ហ្វីលីពីន និងព្រុយណេ។ ក្រៅពីនោះ នាយករដ្ឋមន្ដ្រី ចេញទៅប្រកាសបើកស៊ីហ្គេម ដូច្នេះ របបសភា គឺធ្វើបែបនេះឯង៕

To Top