ព័ត៌មានជាតិ

សម្តេចតេជោ៖ កម្ពុជា ជាប្រទេសទី១ គាំទ្រគំនិតផ្តួចផ្តើម ​ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ របស់ភាគីជប៉ុន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កម្ពុជា គឺជាប្រទេសទី១ ដែលគាំទ្រដល់គំនិតផ្តួចផ្តើម ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហររបស់ភាគីជប៉ុន ហើយត្រូវធានាគោលការណ៍ ៣ចំណុចផងដែរ។

គោលការណ៍៣ចំណុច មានដូចជា៖ ទី១-គំនិតផ្តួចផ្តើមណាក៏ដោយ ត្រូវតែបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ , ទី២-គំនិតផ្តួចផ្តើមនេះ មិនប្រឆាំងជាមួយប្រទេសណា ឬក្រុមណាមួយទេ និងទី៣- គំនិតផ្តួចផ្តើម ត្រូវតែគោរពដល់មជ្ឈភាព របស់អាស៊ាន និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នាថ្ងៃ១ ឧសភា សម្ដេចតេជោគូសបញ្ជាក់ថា «គំនិតផ្តួចផ្តើមមួយចំនួនរបស់ជប៉ុន ត្រូវបានទទួលការគាំទ្រ ពីសំណាក់កម្ពុជា ដូចជា ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ ។ កម្ពុជាប្រទេសទី១ ដែលបានគាំទ្រជប៉ុន លើបញ្ហាហ្នឹង ដោយផ្អែកលើគោលការណ៍៣ មិនមែនគ្រាន់តែប្រទេសជប៉ុនមួយទេ គឺប្រទេសទាំងអស់ បើចង់ឲ្យគាំទ្រត្រូវមានចំណុច៣ ពិសេស»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា នយោបាយការបរទេសរបសកម្ពុជា គឺជានយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ ។ ដូច្នេះ កម្ពុជាមិនគាំទ្រឡើយ រាល់គំនិតផ្តួចផ្តើមណា នាំឲ្យមានសង្គ្រាម។ សម្ដេចថា កម្ពុជា នឹងមិនលេងចូលជាមួយឡើយ បើសិនគំនិតផ្តួចផ្តើមនោះ ប្រឆាំងជាមួយអ្នកដទៃ៕

To Top