ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ បក្សប្រជាជន ជាគណបក្សតែមួយគត់ មានភាពចាស់ទុំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង

ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានភាពចាស់ទុំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងដែលធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្ត បោះឆ្នោតជូនហូតមក។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសបញ្ចូលសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៥០០០នាក់ របស់គណៈកម្មាធិការ គណបក្សសង្កាត់បឹងធំ ខណ្ឌកំបូល និងបានគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពលរដ្ឋបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ។

លោ កឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងលើកទឹកចិត្ត អ្នកវិនិយោគជាតិ និងអន្តរជាតិសំដៅ បង្កើនការងារក្នុង និងក្រៅប្រទេសរបស់យុវជននិងបានតម្លើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ពិសេសបានខិតខំដោះស្រាយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ តាមរោងចក្រកាត់ដេរ និងវាយនភណ្ឌពី១៩៤ដុល្លារ នៅឆ្នាំ២០២២ មក២០០ដុល្លារក្នុង១ខែនៅឆ្នាំ២០២៣ និងបើកពីរដងក្នុង១ខែ ។ ទន្ទឹមនឹងនោះបានខិតខំជម្រុញ ការតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត ចូលដល់ផ្ទះជួលកម្មករ-កម្មការិនីស្នាក់នៅទៀតផង ។

លោកបន្តទៀតថា ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដប្រាក់ឈ្នួលអប្បបរមា ត្រូវបានរក្សានិងដំឡើង ហើយនៅក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមា ត្រូវបានតម្លើងដល់២០០ដុល្លារ និងត្រូវបើកជូនកម្មករ២ដងក្នុងមួយខែ ។ កម្មករទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ ។ កម្មការិនីទទួលបានប្រាក់ឈ្នួល១២០% និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន ។ ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី ក្រោយពេលសម្រាលដោយផ្តល់ជូនក្នុង១នាក់ ថវិកា៤០ម៉ឺនរៀល, កូនពីរនាក់ថវិកា៨០ម៉ឺនរៀល, និងកូន៣នាក់ថវិកា១លាន២សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀលពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ។

លោកបន្តថា ក្នុងដំណើរឆ្ពោះទៅដណ្ដើមជ័យជម្នះ ឲ្យខានតែបានក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយការពារ និងលើកស្ទួយផលប្រយោជន៍ របស់ប្រជាជន គោលដៅជាយុទ្ធសាស្ត្រ៥ ៖ ទី ១-ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរភាពទឹកដី និងការពាររាល់សមិទ្ធផល នៃសង្គមជាតិ ឲ្យបានគង់វង្សស្ថិតស្ថេរ ។ ២-កសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្ស ដ៏ជឿនលឿន និងរឹងមាំ។ ៣-កសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌ នៃការងារ និងការរស់នៅ ។ ៤-ខិតខំបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់ នៅឆ្នាំ២០២៥ និង៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា ជាមួយប្រទេសទាំងអស់ នៅលើសកលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្ម ចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។

លោក ឃួង ស្រេង ស្នើឲ្យពលរដ្ឋទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសរីកចម្រើនរុងរឿងទៀត៕

To Top