ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម ក្នុងពិធីពិសារ អាហារសាមគ្គីរបស់ គណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសដែលប្រកបដោយភាពអធិកអធម និងរីករាយនោះ លោកបណ្ឌិត បានសម្តែងនូវការអរគុណចំពោះ វត្តមានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជន កម្ពុជាទាំងអស់ ដែលពិតជាបង្ហាញយ៉ាងច្បាស់អំពីស្មារតី និងការប្តេជ្ញាចិត្តរួមនៅក្នុងការពង្រឹងឧត្តមភាព និងប្រជាប្រិយភាព របស់គណបក្ស ក៏ដូចជាការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងភាពជាបងប្អូនដ៏ស្និទ្ធស្នាល នៅក្នុងមហា គ្រួសារគណបក្សប្រជាជនកម្ពុជា ផងដែរ។
លោក បណ្ឌិត ក៏បានសង្កត់ធ្ងន់ថា៖ «ក្រោមការដឹកនាំរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន និងដោយមានការចូលរួមទាំងកម្លាំងកាយចិត្ត, បញ្ញាស្មារតី និងធនធាន របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធគណៈចលនាមហាជន, គឺបានញ៉ាំងឱ្យគណៈ ចលនា មហាជនក្លាយជារចនាសម្ព័ន្ធចាត់តាំងដ៏រឹងមាំ និងសកម្ម នៅក្នុងការចាត់តាំង អនុវត្តកម្មវិធីនយោបាយ, ការប្រមូល ផ្តុំកម្លាំងគាំទ្រ និងការបន្តកសាងសមាជិកគណបក្សបន្ថែម ក៏ដូចជាការយកចិត្តទុកដាក់ដល់ជីវភាព និងផលប្រយោជន៍ របស់ប្រជាជន មហាជន គ្រប់ស្រទាប់»។
លោកបណ្ឌិត ក៏បានបន្តទៀតថា « កម្លាំងសាមគ្គឺភាពនេះ ក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់យើង នៅក្នុងការថែរក្សា សមិទ្ធផលរបស់គណបក្ស និង សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា, ក៏ដូចជាការបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាតិមាតុភូមិ និង ប្រជាជនរបស់យើង ដើម្បីបន្តការរស់ នៅក្រោមម្លប់នៃសេចក្តីសុខ, សន្តិភាព, ស្ថិរភាព, សុវត្ថិភាព, សេរីភាព, និងសេចក្តីថ្លៃថ្នូរ។»
ជាចុងក្រោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញលើកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូល ការគាំទ្រ និងការជឿជាក់របស់ប្រជាជនចំពោះបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាន់ខ្ជាប់ និងអនុវត្តដោយជោគជ័យរួចមកហើយក្នុងរយៈកាលប្រមាណជាង ៤០ ឆ្នាំកន្លងមកនេះ រហូតប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនសុខសាន្ត ដូចពេលបច្ចុប្បន្ន៕