ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេម មិនមែនដើម្បីលុយ​ គឺបើកឱកាសឱ្យពិភពលោក ស្គាល់កម្ពុជាកាន់តែច្បាស់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជា រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលនេះ មិនមែនដើម្បីលុយឡើយ គឺជាការបើកឱកាសឲ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់បន្ថែមទៀត។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មុនបើនិយាយពីប្រទេសកម្ពុជា គេមិនសូវស្គាល់ឡើយ តែបើនិយាយដល់ របបប្រល័យពូជសាសន៍ ប៉ុល ពត បានគេស្គាល់កម្ពុជា។

សម្ដេចតេជោ បន្ដថា ព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងមិនយកលុយពីប្រតិភូ កីឡាករកីឡាការិនីបរទេស ដែលមកចូលរួមប្រកួតនៅកម្ពុជាឡើយ ដែលនេះគឺជាការបើកឱកាសឲ្យពិភពលោក ស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែង សម្រាប់កម្ពុជានាពេលខាងមុខ។

សម្ដេច គូសបញ្ជាក់ថា «ខ្ញុំចង់បើកឱកាសសម្រាប់ប្រទេសនានា ចូលមកស្គាល់កម្ពុជា ពិតប្រាកដយ៉ាងម៉េច? ចំណុចនេះជាការវិនិយោគរយៈពេលវែង ហើយជាការបង្កើតមិត្តភាពរវាងប្រទេសកម្ពុជា ជាមួយប្រទេសទាំងអស់ ដែលមកចូលរួមការប្រកួត និងមកលេងក្នុងប្រទេសកម្ពុជា របស់យើង។ ការផ្សព្វផ្សាយចេញ គេទិញសិទ្ធិផ្សព្វផ្សាយតែកម្ពុជា អត់លក់ទេ ឲ្យសិទ្ធិយកទៅផ្សាយទៅ សំខាន់បំផុតឲ្យគេស្គាល់កម្ពុជា ដើម្បីបង្កើតនូវស្ថានភាព អនុគ្រោះមួយដែលកម្ពុជាគេភ្លេច បើនិយាយពី ប៉ុល ពត គេស្គាល់ ប៉ុន្តែបើនិយាយពីកម្ពុជា គេអត់ស្គាល់ ៧៣ប្រទេស គេស្គាល់កម្ពុជាតាមរយៈអង្ករ ប្រទេសមួយចំនួនបានស្គាល់កម្ពុជា តាមរយៈផលិតផល ឥឡូវប្រទេសមួយចំនួនទៀត បានស្គាល់កម្ពុជាតាមរយៈស៊ីហ្គេម»។

សូមរំលឹកថា ចំពោះព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនគិតប្រាក់លើការ លក់សំបុត្រចូលទស្សនា និងការស្នាក់នៅ ហូបចុករបស់កីឡាករ ប្រតិភូកីឡាទាំងអស់ រួមនឹងការផ្តល់សិទ្ធិផ្សព្វផ្សាយក៏មិនគិតថ្លៃដែរ ៕

To Top