ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំងអស់ នឹងបន្តទទួលបាននូវសេរីភាពខាងសាសនា។
ក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង « បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ » ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្ដេច នាថ្ងៃ២ ឧសភា សម្ដេចតេជោឲ្យដឹងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបញ្ជាក់សារជាថ្មីថា កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំងអស់នឹងបន្តទទួល បាននូវសេរីភាពខាងសាសនាដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើង»។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវឲ្យអង្គការពុទ្ធសាសនិក ពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ ពុទ្ធសាសនាកម្ពុជា និងអន្តរជាតិ មកពីគ្រប់និកាយធ្វើការរួមគ្នាជាមួយអង្គការយូណេស្កូ និងទីភ្នាក់ងារអង្គការ សហប្រជាជាតិដទៃទៀត ដើម្បីលើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវ គោលដៅរួមគឺសន្តិភាព និងស្ថេរភាព៕