ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការផ្ដល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនខ្មែរ។
នាឱកាសអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព» នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោថ្លែងអំណរគុណចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនដល់សម្តេច នាពេលនេះ ។
សម្ដេចតេជោ ក៏បានថ្លែងអំណរ គុណដល់លោក ម៉ូរីតា នរីតាដា (Morita Noritada) ដែលបាននិងកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម ជាមួយបណ្ដាប្រទេស មេគង្គ និងលើកកម្ពស់ សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់តាំងពីឆ្នាំ១៩៩៣។ ៣០ឆ្នាំក្រោយមក នាថ្ងៃនេះ លោក ម៉ូរីតា ក៏កំពុងមាន វត្តមាននៅទីនេះជាមួយ ទាំងអស់គ្នាផងដែរ។
សម្តេចតេជោបន្ដថា ការទទួលបានគោរមងារ និងសញ្ញាបត្រកិត្តិយស នាថ្ងៃនេះ កើតមានឡើងដោយសារតែការចូលរួមរបស់ លោក ម៉ូរីតា ដែលបានបំពេញតួនាទី ជាច្រើនក្នុងនាមជាព្រឹទ្ធបុរសមួយរូប របស់អាស៊ី ។ លោក ម៉ូរីតា គឺជាមនុស្សដំបូងគេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមកជួបសម្តេច ដើម្បីពិភាក្សាអំពីការចូលរួមរបស់កម្ពុជាទៅក្នុងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។
សម្តេចតេជោមានប្រសាសន៍ថា «ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ ខ្ញុំព្រះករុណាខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង សន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនា នៃមនុស្សជាតិ ។ ការផ្តល់ជូននេះ គឺពិតជានិមិត្តរូប នៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលបានជ្រៀបចូល ទៅក្នុងជីវិតរស់នៅ របស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និង សេដ្ឋកិច្ច»។
សម្តេចតេជោគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឲ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា ។ សម្តេចមានមោទកភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញ ក្រោយជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើង៕