ព័ត៌មានជាតិ

ប្រធានរដ្ឋឡាវ នឹងមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា៣ថ្ងៃ

​ភ្នំពេញ:តបតាមការយាង​របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិតឡាវ នឹងអញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវរដ្ឋ ​នៅ​ព្រះ​​រាជា​ណា​ចក្រ​​​​កម្ពុជា ពីថ្ងៃទី ៤ ដល់ទី ៦ ខែឧសភា ឆ្នាំ២០២៣។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២ ឧសភានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាប​បង្គំ​គាល់ ​​ព្រះករុណា ព្រះ​បាទ​​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​នៅព្រះ​បរមរាជ​វាំង។
​​
លោកបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេច​វិបុល​​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​​ និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ​ ។​

លោកបណ្ឌិត ថងលុន ស៊ីសុលីត និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណា​​ចក្រកម្ពុជា ​នឹងមាន​កិច្ចប្រជុំទ្វេភាគី​ ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និង​អន្តរជាតិ​មួយ​ចំនួនដែល​ជា​ក្តីបារម្ភរួម។

លោកបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​នៅវិមាន​ឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរម​រតន​កោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសស្នាក់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុង ពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជន​ពិការ ​​អាស៊ាន​លើកទី១២ នៅពហុកីឡាដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍​​ជាប្រវត្តិសាស្ត្រ​នេះ ​ពីថ្ងៃទី ០៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹង​​ពង្រឹងបន្ថែមទៀត​នូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជា​អ្នក​ជិត​ខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បី​ផល​​ប្រយោជន៍​នៃប្រជាជនទាំងពីរ៕

To Top