ព័ត៌មានជាតិ

លោក សៅ សុខា នឹងលាឈប់ ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើU22 មិនអាចទៅដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ ៖ លោក សៅ សុខា បានប្រកាសថា នឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រសិនបើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ(U22) មិនអាចឆ្លងផុតវគ្គចែកពូលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក សៅ សុខា បានឲ្យដឹងបែបនេះ ក្រោយបញ្ចប់ការប្រកួតរវាងក្រុមកីឡាករបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំ ជាមួយក្រុមកីឡាករហ្វីលីពីននារាត្រីថ្ងៃ២ ឧសភា ខណៈបានទទួលលទ្ធផលស្មើគ្នាមួយទល់មួយ ។

លោក សៅ សុខា បានឲ្យដឹងបន្តថា លោកបានប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងប្រើពេលជាង១០ឆ្នាំដើម្បីលើកមុខមាត់កិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់ ។

លោកគូសបញ្ជាក់យ៉ាងច្បាស់ថា “បើការប្រកួតក្នុង group ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រនោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា (FFC) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម”។

លោកក៏ផ្តាំផ្ញើថា “ក្នុងករណីនេះ(មិនអាចឡើងវគ្គកណ្តាលផ្តាច់ព្រ័ត្រ)កើតឡើង ខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា” ។

លោកក៏បានសូមទោសដល់ពលរដ្ឋជាមុនផងដែរថា បើសិនជាលោកអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះ ទទួលបានជោគជ័យជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៕

To Top