ភ្នំពេញ ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន សកលលោកលើកទី៣០ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវ ឲ្យអ្នកសារព័ត៌មានជាតិ-អន្តរជាតិយកចិត្តទុកដាក់ អនុវត្តភារកិច្ចឲ្យបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួនបន្ថែមទៀត។
យោងតាមសាលខិត របស់សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញ បេសកកម្មលើវិស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោក សូមយកចិត្តទុកដាក់ អនុវត្តភារកិច្ចឲ្យបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍សមត្ថភាព របស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ទាំងការផលិត និងផ្សព្វផ្សាយព័ត៌មាន»។
សម្តេចបានលើកឡើងថា ការអំពាវនាវឲ្យអ្នកសារព័ត៌មាន បែបនេះ ដើម្បីបង្កើនជំនឿទុកចិត្តដល់ សាធារណជន និងឆ្លើយតបទៅនឹងការវិវត្ត នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានឌីជីថល ដើម្បីធ្វើការប្រកួតប្រជែង ទីផ្សារឲ្យមានសក្តានុពលថែមទៀត ជៀសវាងការផ្សាយព័ត៌មាន បំភ្លៃខុសពីការពិត ដែលធ្វើឲ្យសាធារណជន បាត់បង់ជំនឿ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់ស្ថាប័ន សារព័ត៌មានទាំងមូល ។
ក្នុងសារលិខិតដដែលនោះ សម្តេចតេជោក៏បានលើកឡើងទៀតថា “ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនជាថ្មីម្តងទៀត រាជដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេចជ្ញាចិត្តក្នុងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិសេរីភាពខាងព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ការប្តេជ្ញាចិត្តនេះធ្វើឲ្យវិស័យសារព័ត៌មាននៅកម្ពុជា មានការរីកចម្រើនគួរជាទីមោកដោយមានមធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងសម្បូរបែបដែលអាចឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលា និងគ្រប់ទីកន្លែង”។
លិខិតក៏បានលើកឡើងថា ទន្ទឹមនឹងការរីកចម្រើន ប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែប និងបរិមាណអង្គភាពសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដ៏ច្រើន លើសលប់នៅកម្ពុជា នាពេលបច្ចុប្បន្ន ក៏ត្រូវគិតគូរអំពីគុណភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានផងដែរ ព្រោះប្រព័ន្ធផ្សព្វផ្សាយ ជាអាវុធមុខពីរដែលធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនតាមរយៈការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការអភិវឌ្ឍប្រទេសជាតិ ការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ។
សម្តេចថា ប្រព័ន្ធផ្សព្វផ្សាយ ក៏អាចធ្វើឲ្យប្រទេសជាតិជួបប្រទះភាពចលាចល វឹកវរ នៅក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់ បំពុលសង្គម ដែលអាចធ្វើឲ្យប្រទេសជាតិអន្តរាយ ដែលទាមទារឲ្យទាំងអស់គ្នា ជាពិសេសស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ដែលបង្កឡើងដោយក្រុមឱកាសនិយមមួយក្ដាប់តូច និងជនខិលខូចជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ ប្រទេសជាតិ និងកិត្តិយសសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និង សា្ថប័នសារព័ត៌មានទាំងមូល ៕