ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល​ អញ្ជើញប្រកាសដាក់ឱ្យដំណើរការ ​រដ្ឋបាល​ក្រុង​អរិយក្សត្រ

កណ្ដាល​ ៖​ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រ និងប្រកាសតែងតាំងចូលកាន់មុខតំណែង គណ:អភិបាល នៃគណ: អភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ។

នាឱកាសនោះ​ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា​ “គណ:អភិបាលក្រុងអរិយក្សត្រ ដែលទើបតែងតាំងថ្មី ត្រូវមានគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាល គណ:អភិបាលខេត្ត ក្រុមប្រឹក្សា និងធ្វើជាគំរូ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន”។

លោក​ អភិបាលខេត្ត​ បន្តថា មន្ដ្រីទាំងអស់ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រ ពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យ កាន់តែប្រសើឡើង និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយភាតរភាព ទន់ភ្លន់ ម៉ឺងម៉ាត់។

លោក បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សា គណៈ អភិបាលក្រុង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងក្រុង ត្រូវរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ ក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ហើយត្រូវជំរុញ ការអភិវឌ្ឍក្រុងថ្មី ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងសម័យតេជោសុខសន្តិភាព និងការអភិវឌ្ឍ ៕

To Top