ព័ត៌មានជាតិ

ក្រសួងអប់រំ​ ស្នើលោក សៅ សុខា​ បន្តធ្វើជាប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ​ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពេល នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសពីការចុះចេញពីតំណែងប្រធាន សហព័ន្ធបាល់ទាត់ បើក្រុមជម្រើសជាតិអាយុក្រោម២២ (U22) របស់កម្ពុជា មិនអាចឆ្លងវគ្គចែកពូល ក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងអប់រំ បានលើកឡើងថា ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ រយៈពេលជាង១០ឆ្នាំកន្លងមក បានធ្វើឱ្យកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ជាអាទិ៍សមត្ថភាពកីឡាករ គ្រូបង្វឹក មន្ត្រី អាជ្ញាកណ្តាល និងក្លិបបាល់ទាត់អាជីពនានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការ ប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងការប្រកួត នាពេលកន្លងមក ការខិតខំប្រកួត និងបច្ចេកទេសលេងបាល់ របស់កីឡាករបាល់ទាត់កម្ពុជា បានទាក់ទាញទស្សនិកជន ឱ្យចូលរួមទស្សនាផ្ទាល់ និងទស្សនាតាមអនឡាញ ភ្លូកទឹកភ្លូកដី និងជឿជាក់ថា បាល់ទាត់កម្ពុជា នឹងឈានទៅប្រកួតប្រជែង នៅកម្រិតតំបន់បាន។

ក្រសួង​បន្តថា បន្ថែមលើនេះទៀត ក្នុងស្មារតីកសាង និងប្រមូលនូវធនធានកីឡាករបាល់ទាត់ នាយឧត្ដមសេនីយ៍ សៅ សុខា បានរៀបចំឱ្យមាន នូវទីលានបាល់ទាត់ នៅតាមសាលាតម្រង់ទិសទាំង ២៥ រាជធានីខេត្ត និងរៀបចំកម្មវិធី អភិវឌ្ឍកីឡាបាល់ទាត់ នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ ដែលកត្តាទាំងនេះ បានធ្វើឱ្យសិស្សានុសិស្ស និងយុវជនជាច្រើន ចូលរួមហ្វឹកហាត់ និងលេងកីឡាបាល់ទាត់ ។ ម្យ៉ាងវិញទៀតក្រោមការដឹកនាំ របស់នាយឧត្តមសេនីយ៍ប្រធានសហព័ន្ធ ការលេងកីឡាបាល់ទាត់ មានសកម្មភាព យ៉ាងផុលផុសក្នុងស្រទាប់យុវវ័យ នៅគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងអប់រំ យុវជន និងកីឡា​ បានប្រកាសគាំទ្រ និងស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តទៀត៕

To Top