ភ្នំពេញ៖ ទោះបីជាគណបក្សនយោបាយជិត ១០បានដាក់ពាក្យរួចរាល់ក៏ដោយ ប៉ុន្តែគណបក្សកែទម្រង់កម្ពុជា ដែលមានលោកប៉ុល ហំម ជាប្រធានមានប្រភពចេញពី អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសមិនដាក់បេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឡើយ ។
ការប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើឡើងជាលាយលក្ខណ៍អក្សរ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាថ្ងៃ៤ ឧសភា ។ មូលហេតុដែលអះអាងថា មិនចូលរួមប្រកួតប្រជែងបោះឆ្នោត ជាមួយបក្សកាន់អំណាច និងបក្សផ្សេងទៀតក្រោមហេតុផលថា “ស្ថានភាពមិនទាន់អនុគ្រោះឲ្យយើង អាចចូលរួមប្រកួតប្រជែងឲ្យ បានពេញលេញនៅឡើយ”។
ម្យ៉ាងទៀតបក្សយល់ឃើញថា ការចូលប្រកួតប្រជែងរបស់បក្ស អាចប៉ះពាល់ដល់សន្លឹកឆ្នោត ដែលគណបក្សប្រជាធិបតេយ្យ ផ្សេងទៀតត្រូវទទួលបាន។
ទោះបក្សមិនចូលរួមក៏ដោយ តែបក្សនេះ ក៏បានអំពាវនាវដល់សមាជិក និងអ្នកគាំទ្រខ្លួនបោះឆ្នោតជូន គណបក្សណាមួយដែលស្រឡាញ់ លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងមានគោលនយោបាយប្រហាក់ប្រហែល នឹងគណបក្សកែទម្រង់កម្ពុជា ។
គណបក្សកែទម្រង់កម្ពុជាដែលមាន ប្រភពចេញពីអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ បានអះអាងថា គណបក្សបង្កើតឡើង ដើម្បីចូលរួមដំណើរការប្រជាធិបតេយ្យ សម្រាប់រយៈពេលយូរទៅមុខ និងត្រួសត្រាយផ្លូវប្រជាធិបតេយ្យ សម្រាប់យុវនបន្តវេនជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណបក្សនយោបាយចំនួន៨ ខណៈបក្ស៣ផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យពិចារណា ៕