ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច ជួបជុំជាមួយភាគីពាក់ព័ន្ធ ក្នុងប្រព័ន្ធអេកូឡូស៊ី របស់បណ្តុំថ្នាលកសិកម្មខ្មែរ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់មួយស្ដីពី “ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី របស់បណ្តុំថ្នាលកសិកម្មខ្មែរ (KAS)” ដែលស្ថិតនៅក្រោមគម្រោងគាំទ្រ និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម ហៅកាត់ថា SAAMBAT ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជានាយកគម្រោង SAAMBAT កាលពីរសៀលថ្ងៃ៣ ឧសភា។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលមតិយោបល់កែលម្អដែលទទួលបាន ពីភាគីពាក់ព័ន្ធនានាដើម្បីជាធាតុចូលបន្ថែម ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី និងជាមូលដ្ឋានក្នុងការដាក់ដំណើរការ បណ្តុំថ្នាលកសិកម្មខ្មែរ។ តួអង្គខ្សែច្រវាក់តម្លៃកសិកម្មពាក់ព័ន្ធនានាត្រូវបាន អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលនេះមានជាអាទិ៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ធនាគារ, ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម, សេវាកម្មដឹកជញ្ជូន, ក្រុមហ៊ុនលក់បោះដុំកសិផល, ក្រុមហ៊ុននាំចេញកសិផលទៅទីផ្សារអន្តរជាតិ, សហភាពសហគមន៍កសិកម្ម នៅតាមបណ្តាខេត្តប៉ូលសេដ្ឋកិច្ច, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមជ័យលាភីនៃកម្មវិធីមូលនិធិ សម្រាប់ការប្រកួតប្រជែង, មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល និងខេត្តបាត់ដំបង, កសិករ, សហគ្រិនខាស, និងតំណាងមកពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បទបង្ហាញមួយចំនួនត្រូវបានលើកមកបង្ហាញ និងពិភាក្សាមានដូចជា សកម្មភាពដែលនឹងត្រូវអនុវត្ត ដោយអនុសមាសភាគទី២.២, ការចូលរួមរបស់ក្រុមហ៊ុនផ្តល់សេវាប្រឹក្សា ស្ថិតក្រោមការគ្រប់គ្រងរបស់អនុសមាសភាគទី២.២ មានជាអាទិ៍ លទ្ធផលនៃការអភិវឌ្ឍបណ្តុំថ្នាលកសិកម្មខ្មែរ, លទ្ធផលនៃកម្មវិធីមូលនិធិ សម្រាប់ការប្រកួតប្រជែង, និងលទ្ធផលនៃយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថល។

សហគ្រិនខាសនិងកសិករដែលជា អ្នកប្រើប្រាស់សាកល្បងក្នុងប្រមូល និងបញ្ចូលទិន្នន័យមកកាន់បណ្តុំថ្នាល កសិកម្មខ្មែរបានថ្លែងពីគុណសម្បត្តិ របស់ថ្នាលនេះថា វាមានភាពងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់ការស្វែងរកឈ្មោះកសិករ ដែលជាអ្នកទទួលផលពី IFAD, ការកត់ត្រាទិន្នន័យវដ្តលូតលាស់ដំណាំ, ការចំណាយនិងចំណូល ហើយគុណវិបត្តនោះគឺរូបតំណាង (Interface) ថ្នាលនេះមិនមានភាពទាក់ទាញ និងការដែលមិនអាចចាប់យក ទិន្នន័យទីតាំងចំការកសិករបាន នៅពេលគ្មានសេវាអ៊ីនធឺណេត។

រីឯក្រុមជ័យលាភីក៏បានបង្ហាញពី ប្រភេទទិន្នន័យដែលអាចចែករំលែក មកកាន់បណ្តុំថ្នាលកសិកម្មខ្មែរ និងព័ត៌មានមួយចំនួនដែលពួកគេ ត្រូវការពីថ្នាលនេះវិញផងដែរ។ ការបង្ហាញពីមតិចំណាប់អារម្មណ៍ របស់អ្នកចូលរួមក្នុងគម្រោង SAAMBAT ដូចជាក្រុមហ៊ុន Forte Insurance (Cambodia) PLC, ក្រុមហ៊ុន Tropicam Fruit & Vegetable Co.,Ltd, ក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd, និងក្រុមហ៊ុនបញ្ជី Co.,Ltd។ ក្នុងនោះផងដែរក៏មានការលើកឡើង នូវសំណួរមួយចំនួនទាក់ទងនឹង ការធ្វើបច្ចុប្បន្នភាពរបស់ថ្នាលឌីជីថលនេះ ឱ្យកាន់តែប្រសើរឡើងដោយផ្អែក ទៅលើមតិកែលម្អរបស់អ្នកប្រើប្រាស់, ការជំរុញឱ្យមានការចាប់អារម្មណ៍ ទៅលើការថ្នាល់នេះ ដើម្បីបង្កើតជាកម្លាំងចលករក្នុងការទាក់ទាញ ទឹកចិត្តតួអង្គខ្សែច្រវាក់តម្លៃកសិកម្ម ឱ្យចូលរួមប្រើប្រាស់កាន់តែច្រើន, ការគិតគូរពីការយកថ្លៃសេវាដើម្បីធានា ពីនិរន្តភាពរបស់ថ្នាលឌីជីថល ប៉ុន្តែកសិករខ្នាតតូចគួរត្រូវបាន លើកលែកម្រៃសេវានេះ, ការប្រមូលព័ត៌មានកសិផលដែល អាចផលិតបាននៅតាមខេត្តនីមួយៗ និងព័ត៌មានតម្រូវទីផ្សារផលិតផលកសិកម្មទាំងក្នុងស្រុក និងអន្តរជាតិហើយដាក់បង្ហាញ ជាសាធារណៈក្នុងថ្នាលនេះ។

ម្យ៉ាងទៀតថ្នាលនេះគួរដែលដាក់ឈ្មោះភាសាខ្មែរ ហើយមានភាពទាក់ទាញ, ការញែកឱ្យដាច់រវាងថ្នាលលក់ផលិតផល កសិកម្មតាមបែបពាណិជកម្មធំៗ និងអ្នកប្រើប្រាស់ដែលបញ្ជាទិញបរិមាណតិចតួច, ការកំណត់អត្តសញ្ញាណ និងប្រភពអ្នកលក់តាមខេត្តនីមួយៗ, ការបញ្ចូលទិន្នន័យទៅតាមប្រភេទ សហភាពសហគមន៍កសិកម្ម និងប្រភេទកសិផលរបស់ពួកគេអាចផលិតបាន ដែលវានឹងបង្កភាពងាយស្រួល ក្នុងការស្វែងរកពីក្រុមហ៊ុនលក់បោះដុំ ក៏ដូចជាអាចឱ្យសហភាពសហគមន៍ទាំងនោះ ចុះកិច្ចសន្យាកសិកម្មដោយស្របច្បាប់ ជាមួយក្រុមហ៊ុនទាំងនោះបាន និងការដែលប្រព័ន្ធមិនទាន់បានគិតគូរ ដល់ការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម រវាងក្រុមហ៊ុនធុរកិច្ច និងធុរកិច្ច និងរវាងក្រុមហ៊ុនធុរកិច្ច និងអ្នកប្រើប្រាស់៕

To Top