កំពង់ចាម ៖ នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ១,៣០០ ម៉ែត្រ នៅភូមិដូនដុំ ឃុំសូទិព ស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះថ្វីត្បិតតែមានប្រវែងខ្លី ប៉ុន្តែជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់បម្រើផលប្រយោជន៍ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ផ្លូវមួយខ្សែនេះ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ បានសំណូមពរ និងរង់ចាំជាយូរមកហើយ ចាប់តាំងពីមុនជំងឺកូវីដ១៩ ផ្ទុះឡើង ។ លុះពេលវេលាជាបន្តបន្ទាប់មក ដោយសាររាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តជាប់រវល់មមាញឹកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនិងជំងឺ កូវីដ ១៩ ទើបបណ្ដើរធ្វើឲ្យការស្ថាបនាផ្លូវនេះមានការយឺតយ៉ាវ ពន្យារពេលរហូតមកដល់ពេលនេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃនេះ អ្វីដែលបងប្អូនចង់បានយូរមកហើយនោះ បានមកដល់ហើយ ដែលផ្លូវមេមួយខ្សែនេះ ត្រូវបានបើកការដ្ឋានស្ថាបនាជាប្រភេទ ក្រាលកៅស៊ូ DBST សម្រាប់សម្រួលឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរ បានឆាប់រហ័សនិងងាយស្រួលក្នុងការដឹក កសិផលទៅរកទីផ្សារផងដែរ ដើម្បីបម្រើផលប្រយោជន៍ បង្កើនជីវភាពនៅក្នុងគ្រួសារឲ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់នេះតែម្ដង ។
តាមមន្ត្រីរដ្ឋបាលខេត្ត បានបញ្ជាក់ថា ផ្លូវដែលបានបើកការដ្ឋានស្ងាបនានេញ ជាប្រភេទផ្លូក្រាលកៅស៊ូវ DBST ប្រវែង ១,៣០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ គឺ ចាប់ពីភូមិដូនដុំ ដល់ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានដាក់លូអមសងខាងផ្លូវផងដែរ – លូកាត់ទទឹងផ្លូវ ៣កន្លែង ចំណាយថវិកា អស់ប្រមាណជា ៣.០០០ លានរៀល ៕