ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ ៖ “គំនិតផ្ដួចផ្ដើម អរិយធម៌សកល” ដាក់ចេញដោយប្រធានរដ្ឋចិន គឺជាចក្ចុវិស័យដ៏ភ្លឺស្វាង និងយកចិត្តទុកដាក់ខ្លាំង អំពីសុខសន្តិភាព ដល់មនុស្សជាតិ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុក “គំនិតផ្ដួចផ្ដើមអរិយធម៌សកល” ដែលត្រូវបានដាក់ចេញ ដោយលោកស៊ី ជីនភីង ប្រធានរដ្ឋចិនគឺជាចក្ចុវិស័យដ៏ភ្លឺស្វាង និងពោរពេញដោយការយកចិត្តទុកដាក់ អំពីសុខសន្តិភាព ដល់មនុស្សជាតិ។

នៅឆ្នាំ២០២៣នេះ លោកស៊ី ជីនភីង ប្រធានរដ្ឋចិន បានដាក់ចេញជាលើកដំបូងនូវ “គំនិតផ្ដួចផ្ដើម អរិយធម៌សកល” រួមគ្នាជំរុញការគោរពពហុចម្រុះ នៃអរិយធម៌ពិភពលោក រួមគ្នាជំរុញការលើកតម្កើងតម្លៃរួម នៃមនុស្សជាតិទាំងមូល រួមគ្នាជំរុញការយកចិត្ត ទុកដាក់ការបន្តស្នង និងបង្កើតថ្មីនៃអរិយធម៌ រួមគ្នាជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងប្រជាជាតិ ជាអន្តរជាតិ ។

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន ថ្មីៗនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានវាយតម្លៃថា ចំពោះគំនិតផ្ដួចផ្ដើមនេះ មានអត្ថន័យធំធេងណាស់ ជាចក្ខុវិស័យមួយធ្វើឲ្យពិភពលោកពោរពេញ ដោយសាមគ្គីភាព ភាពអត់ឱនឲ្យគ្នា ព្រោះថា ពាក្យ «អរិយធម៌» សំដៅលើការនាំនូវមកការរីកចម្រើនទាំងឡាយ គ្រប់ទីកន្លែងទាំងអស់ ។

សម្តេចបញ្ជាក់ថា “គំនិតផ្ដួចផ្ដើមអរិយធម៌សកល” ដែលដាក់ចេញដោយប្រធានរដ្ឋចិននេះ គឺជាចក្ចុវិស័យដ៏ភ្លឺស្វាង និងយកចិត្តទុកដាក់ខ្លាំង អំពីសុខសន្តិភាពដល់មនុស្សជាតិ ទូទាំងពិភពលោក ។

«ប្រធានាធិបតី ស៊ី ជីនភីង បានលើកឡើងអំពីអរិយធម៌សកល ដូច្នេះ គឺមានសារៈសំខាន់ណាស់…កិច្ចការងារនេះគឺកម្ពុជា គឺច្បាស់ណាស់ ក៏ចូលរួម ហើយគាំទ្រយ៉ាងពេញទំហឹង ចូលរួមអនុវត្តតាមនឹងអាចធ្វើទៅបាន»។

សម្តេចបានបន្ថែមទៀតថា កម្ពុជាតែងតែគាំទ្រគំនិតផ្តួចផ្តើមនានា ដាក់ចេញដោយប្រធានរដ្ឋចិន ស៊ី ជីនភីង កន្លងមក ដូចជា គំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ ជាដើម ដោយគំនិតផ្តួចផ្តើមនេះ មិនខុសពីគំនិតផ្តួចផ្តើមអរិយធម៌សកលទេ គឺសុទ្ធតែត្រូវបានកម្ពុជាចាត់ទុកថា មានផលប្រយោជន៍ចំពោះតំបន់ និងពិភពលោក ធ្វើឲ្យមានសុខសន្តិភាព ការអភិវឌ្ឍ ដែលស្របតាមតម្រូវការ របស់មនុស្សជាតិយ៉ាងខ្លាំងក្លា៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top