ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ទៀត ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រឹមរយៈ៥ថ្ងៃ ។
តើចំពោះលក្ខខណ្ឌតម្រូវ របស់ គ.ជ.ប ដោយទុកពេលឲ្យ៥ថ្ងៃទៅបក្សភ្លើងទៀននោះ តើបក្សនេះនឹងអាចអនុវត្តទាន់ពេលវេលាឬយ៉ាងណា? ។
គ.ជ.បឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌបែបនេះ ដោយសារបក្សភ្លើងទៀន ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយ តាមច្បាប់ ស្តីពីការបោះឆ្នោត។ យោងតាមលិខិតជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី៩ ឧសភានេះ បានឲ្យដឹងថា ចំណុចខ្វះខាតដែលគណបក្សត្រូវបំពេញបន្ថែមមានដូចខាងក្រោម៖ ១- សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមាន បញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១(មួយ)ច្បាប់។
២- បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្តូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។
៣- បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥,០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។ ដូច្នេះប្រធានគណបក្សត្រូវធ្វើការបំពេញលក្ខខណ្ឌដែលខ្វះខាតឲ្យបានត្រឹមត្រូវយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង ។
សូមបញ្ជាក់ថា គណបក្សភ្លើងទៀនបានដាក់បញ្ជីបេក្ខភាពតំណាងរាស្ត្រទៅ គ.ជ.ប កាលពីថ្ងៃ៧ ឧសភាមុនមួយថ្ងៃនៃការបិទបញ្ចប់ ដោយមានតំណាងរាស្ត្រឈរឈ្មោះបោះឆ្នោតតាមអាសនៈតម្រូវ ទាំង១២៥អាសនៈ នៅទូទាំង២៥ រាជធានី-ខេត្តសរុបទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង មានចំនួន២៦៤។
គ.ជ.ប បានប្រកាសទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងរយៈពេល១៥ថ្ងៃនេះ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះបក្ស១១ទៀតកំពុងស្ថិតក្នុងការពិនិត្យពិចារណា។
ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានមន្រ្តីជាន់ខ្ពស់ សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀនដើរចេញជាបន្តបន្ទាប់មក ចុះចូលជាគណបក្សកាន់អំណាច ក្នុងគ្រាដំណើរការបោះឆ្នោតថ្នាក់ជាតិបាំងតែជិត២ខែទៀតឈានចូលដល់នោះ ៕