ព័ត៌មានជាតិ

សម្ដេចតេជោ ជឿជាក់ថា កម្ពុជា-អឺរ៉ុប នឹងបន្ដពង្រឹងទំនាក់ទំនង ដើម្បីជាប្រយោជន៍ ទៅវិញទៅមក

ភ្នំពេញ ៖ នាឱកាសនៃទិវាអឺរ៉ុប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការជឿជាក់ថា កម្ពុជា-អឺរ៉ុប នឹងនៅតែបន្តប្តេជ្ញាចិត្ត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ សម្រាប់ជាប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិ។

យោងតាមសារលិខិតរបស់សម្ដេចតេជោនាពេលថ្មីៗនេះ ផ្ញើទៅលោកស្រី អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុបដើម្បីអបអរសាទរ «ទិវាអឺរ៉ុប» បានឲ្យដឹងថា នៅពេលសម្តេចគិតអំពីទ្វីបអឺរ៉ុប សម្តេចមិនត្រឹមតែមើលឃើញអំពីសហគមន៍នៃប្រទេសរដ្ឋសមាជិកប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំនៃប្រទេសជាច្រើនទៀតដែលជាមិត្ត និងដៃគូរបស់សហភាពអឺរ៉ុបផងដែរ។ សម្ដេចថា «ស្ថិតក្នុងស្មារតីនេះ ពួកយើងគួរតែចងចាំផងដែរថា ឆ្នាំក្រោយគឺជាខួបគម្រប់៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើង ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ»។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយបណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់កម្ពុជា។

សម្តេចតេជោបន្តថា ទោះស្ថិតក្នុងកាលៈទេសៈនៃការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និងសង្រ្គាមដែលកំពុងបន្តមាននៅអ៊ុយក្រែនក៏ដោយ កម្ពុជា និងសហភាពអឺរ៉ុបបានធ្វើឲ្យប្រសើរឡើងភាពជាដៃគូ តាមរយៈការប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការពង្រឹងពហុភាគីនិយមក៏ដូចជាសម្រេចបាននូវលទ្ធផលជាក់ស្តែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាមានមោទកភាពបានរៀបចំកាលពីឆ្នាំ២០២១។ ភាពជោគជ័យដ៏ធំធេងនៃភាពជាប្រធានអាស៊ានរបស់កម្ពុជាកាលពីឆ្នាំកន្លងទៅ គឺជាសក្ខីភាពដ៏រឹងមាំផងដែរនៃកិច្ចសហការនេះ ដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល ក្នុង គោលបំណងថែររក្សានូវសន្តិភាព និងស្ថិរភាព សម្រាប់តំបន់ទាំងពីរ។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «នៅចុងឆ្នាំនេះ កម្ពុជាទន្ទឹងរង់ចំាដល់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-អឺរ៉ុប លើកទី១២ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ភាគីទាំងពីរ នឹងនៅតែបន្តប្តេជ្ញាចិត្ត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អរបស់យើង ដើម្បីជាប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិយើង»៕

To Top