ភ្នំពេញ ៖ លោក លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ ប្រចាំស្រុកពញាឮ ចំនួន ២.០៧១ នាក់ ។

លោកប្រធានក្រុមការងារថ្នាក់ជាតិ បានមានប្រសាសន៍ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អ ជាមួយនឹងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិ ឃុំ មានសុវត្ថិភាព ។ ដ្បិតប្រជាការពារ បម្រើការងារ ដោយស្ម័គចិត្ត ប៉ុន្តែបានជួយដល់កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាត អនាម័យបរិស្ថានបានល្អថែមទៀតផង ។

លោកបន្តថា យើងមានថ្ងៃនេះ ដោយសារប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដូចនេះ យើងទាំងអស់គ្នា ត្រូវការពារឲ្យបាននូវសន្តិភាព ។ សម្រាប់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាការពារនាពេលនេះ គឺជាការលើកទឹកចិត្តដល់កម្លំាង ប្រជាការពារ ដែលបានខិតខំបម្រើសង្គមនាពេលកន្លងមក ម្យ៉ាងវិញទៀត ដោយសារតែប្រជាការពារពុំមានប្រាក់ខែ ។

នៅក្នុងឱកាសនេះដែរ លោកប្រធានក្រុមការងារថ្នាក់ជាតិ បានឧបត្តម្ភដល់ប្រជាការពារទាំង ២.០៧១ នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៤០.០០០ រៀល នឹងបន្តឧបត្ថម្ភជាបន្តបន្ទាប់ទៀត ៕

















