ព័ត៌មានជាតិ

កម្ពុជា-វៀតណាម នឹងជួបគ្នាដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី

ភ្នំពេញ ៖ ផ្អែកតាមសំណើ របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតប្រតិភូកម្ពុជា ជួបប្រជុំជាមួយភាគីវៀតណាម ដើម្បីដោះស្រាយបញ្ហា បាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ-ព្រែកប៊ិញយី និងបញ្ហាប្រឈមមួយចំនួនទៀត រវាងប្រទេសទាំងពីរ នាពេលខាងមុខ ។

ក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ-ព្រែកប៊ិញយី ធ្វើឡើងនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ក្រោមអធិបតីលោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ លោកថ្លែងថា «ផ្អែកតាមសំណើ របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យគណៈកម្មការអន្ដរក្រសួង ជួបប្រជុំជាមួយភាគីវៀតណាម ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី និងបញ្ហាប្រឈមមួយចំនួនទៀត រវាងភាគីទាំង២ នៅពេលវេលាសមស្រប ណាមួយខាងមុខនេះ ។

ទន្ទឹមគ្នានេះ លោក សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ទទួលបន្ទុកជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល រាជធានី ខណ្ឌ និងខេត្ត បានធ្វើការគូសបញ្ជាក់ ជូនអង្គប្រជុំអំពីស្មារតី នៃកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្ត ជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម ដែលប្រព្រឹត្តឡើង នាពេលកន្លងទៅនេះ ហើយភាគីទាំងពីរបានឯកភាពគ្នា ដើម្បីជំរុញឲ្យក្រុមការងារថ្នាក់ជាតិ នៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីចាត់វិធានការ ទប់ស្កាត់កុំឲ្យមានការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី បន្ថែមទៀត ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ។

ឆ្លៀតក្នុងឱកាសនោះដែរ តំណាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រសួងធនធានទឹក និងឧត្តុនិយម បានធ្វើបទបង្ហាញ បច្ចេកទេសអំពីមូលហេតុ ដែលនាំឲ្យមានការបាក់ច្រាំងទន្លេនិងព្រែក និងបញ្ជាក់អំពីទិន្នន័យច្រាំងទន្លេ និងព្រែកដែលបានបាក់ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ន៕

To Top