ភ្នំពេញ ៖ ក្នុងឱកាស នៃការអញ្ជើញអបដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយា រួមទាំងភរិយានាយករដ្ឋមន្រ្តីឡាវ ភរិយានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ភរិយាប្រធានាធិបតីហ្វីលីពីន ភរិយា នាយករដ្ឋមន្រ្តីសិង្ហបុរី បានអញ្ជើញទស្សនាតំបន់ ទេសចរណ៍មាត់សមុទ្រដ៏ប្រណិត នៃក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ។

វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាថ្នាក់ដឹកនាំ នៃប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និទ្ធនិងរ៉ាក់ទាក់បំផុត ពីលោកស្រី ចូកូ វីដូដូ ភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ។ នៅក្នុងដំណើរទស្សនកិច្ច នៅតំបន់កំសាន្តឆ្នេរលំហែកាយ មាត់សមុទ្រដ៏ប្រណិតនោះ ភរិយានៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានអញ្ជើញគយគន់សម្រស់ធម្មជាតិ នៃតំបន់ឆ្នេរនៃក្រុងឡាប៊ូនបាចូ ពីលើជ្រលងនៃអគាររបស់ក្រុង ។

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុតនៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង ។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោក ជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ។ ឥណ្ឌូណេស៊ីមានកោះរហូតដល់ ១ម៉ឺន៧ពាន់កោះ និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាហេតុធ្វើឲ្យប្រទេសនេះតែងតែជួបប្រទះជាញឹកញាប់នូវគ្រោះរញ្ជួយដីនិងបន្ទុះភ្នំភ្លើង ។ កោះដែលធំជាងគេមានដូចជា ស៊ូម៉ាត្រា កោះជ្វា, ប័រណេអូ (Borneo) ឬហៅជាភាសាឥណ្ឌូណេស៊ីកាលីម៉ាន់តាន់ (Kalimantan), ស៊ុឡាវេស៊ី (Sulawesi) និង ញូហ្គីណេ (New Guinea) ។ ឥណ្ឌូណេស៊ីមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី មានរដ្ឋធានីឈ្មោះ ហ្សាកាតា។ មានផ្ទៃដីទំហំ ១.៩លានគីឡូម៉ែត្រក្រឡា៕


