ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ឧសភា បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ឲ្យស្របតាមស្តង់ដារបច្ចេកទេស និងមានលក្ខណៈសមស្រប តាមស្ថានភាពបច្ចុប្បន្ន នៃប្រទេសកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោង សាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជា ដើម្បីប្រមូល មតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យ របាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបាន ពីភាគីពាក់ព័ន្ធ។
ក្នុងនោះដែរ អង្គប្រជុំបានជជែកពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសនីមួយៗ ក្នុងការកែសម្រួល និងបំពេញបន្ថែមនូវ តម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្ន សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា៕



