ព័ត៌មានជាតិ

សម្តេចតេជោ ចូលរួមបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៤២ នៅឥណ្ឌូណេស៊ី ជាមួយនឹងលទ្ធផលល្អប្រសើរ

" "

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី១០-១១ ឧសភានេះ ។

ក្នុងកិច្ចប្រជុំជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាននេះ បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្រ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ ដោយសម្រេចលទ្ធផលជាច្រើន ៖ ក្នុងនោះមេដឹកនាំ នៃប្រទេសអាស៊ាន បានឈានទៅចេញ សេចក្តីថ្លែងការណ៍ របស់ប្រធាន នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤២ ដោយបានបញ្ជាក់ នូវការគាំទ្រ ចំពោះភាពជាប្រធានអាស៊ាន របស់ឥណ្ឌូនេស៊ី ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងវឌ្ឍនភាព ក្នុងការសម្រេចបាន នូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយ នឹងសមត្ថភាព ដែលត្រូវបានពង្រឹងនិងប្រសិទ្ធភាពស្ថាប័ន។

" "

នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនោះ មេដឹកនាំអាស៊ាន បានស្វាគមន៍ ចំពោះការចូលរួមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ក្នុងកិច្ចប្រជុំកម្រិតប្រមុខ ដឹកនាំអាស៊ាន នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២នេះ ដែលជាគោលការណ៍ក្នុងនាមជាសមាជិកទី១១ របស់អាស៊ាន ។

" "

មេដឹកនាំអាស៊ាន បានធ្វើការអះអាងជាថ្មី នូវការប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន មជ្ឈភាព និងការឯកភាពអាស៊ាន ព្រមទាំងទំនាក់ទំនង ខាងក្រៅរបស់អាស៊ាន ។ លើការកសាងសហគមន៍អាស៊ាន-មេដឹកនាំអាស៊ាន បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រែង ដ៏មោះមុត ដើម្បីរក្សាសន្ទុះ នៃការកសាងសហគមន៍អាស៊ាន និងធានា នូវការអនុវត្តចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ មេដឹកនាំអាស៊ាន បានគាំទ្រការសម្រេចលើក្របខ័ណ្ឌពេលវេលារយៈពេល២០ឆ្នាំ សម្រាប់ចក្ខុវិស័យ សហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងលើកទឹកចិត្តឲ្យក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បន្តរៀបចំចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលប្រកបដោយទស្សនវិស័យ ការបំផុសគំនិត ភាពរឹងមាំ គ្រប់ជ្រុងជ្រោយ មានបរិយាបន្ន និងការសម្លឹងឆ្ពោះទៅមុខ។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបាន អនុម័ត លើសេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបង្កដោយការរំលោភបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាព។ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ ។ សេចក្តីប្រកាសព័ត៌មានរួមគ្នា របស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ាន។ សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូន និងការគាំពាអ្នកនេសាទ ចំណាកស្រុក ។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធ អេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពន្លឿន ការតភ្ជាប់ ទូរទាត់តំបន់ និងការលើកកម្ពស់ ការផ្ទេររូបីយវត្ថុក្នុងស្រុក ។ ផែនទីចង្អុលផ្លូវ សម្រាប់សមាជិកភាពអាស៊ាន ពេញសិទ្ធិរបស់ទីម័រឡេស្ត ។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹង សមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន ។
សេចក្តីថ្លែងការណ៍ថ្នាក់ ដឹកនាំអាស៊ាន ស្តីពីការរៀបចំចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សសើរការងារ ដែលកំពុងបន្ត ដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងការរៀបចំឯកសារទស្សនទាន ស្តីពីការអនុវត្តទស្សនវិស័យ ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ខាងទិដ្ឋភាពការពារ ប្រទេស ដោយមានគោលដៅ លើកកម្ពស់តួនាទីស្នូល និងយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហា ប្រឈមផ្នែកសន្តិសុខរួម ក្នុងតំបន់ ក៏ដូចជា ពង្រឹងការភ្ជាប់ទំនាក់ទំនង ជាមួយដៃគូខាងក្រៅ ដើម្បីជំរុញវិធានការ កសាងជំនឿទុកចិត្តគ្នា ៕

To Top