ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាពេលខាងមុខនេះ ទិន្នន័យគ្រប់គ្រងប្រជាពលរដ្ឋ មេឃុំ-មេភូមិ នឹងកត់ត្រាតាមប្រព័ន្ធទូរស័ព្ទវិញ ខណៈកាលពេលមុន ទិន្នន័យពលរដ្ឋ ត្រូវបានកត់តាមក្រដាសស្នាម។
ក្នុងប្រជុំក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍កម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សាន លុច អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សិក្សាស្រាវជ្រាវ អភិវឌ្ឍន៍កម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ បានថ្លែងថា ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ គឺត្រូវផ្ដើមអនុវត្តពីភូមិតែម្តង ។
នាយឧត្តមសេនីយ៍គូសបញ្ជាក់ថា «យើងចង់ឲ្យមេភូមិនីមួយៗ ស្រងយកទិន្នន័យប្រជាពលរដ្ឋដោយខ្លួនឯង ព្រោះថា កាលពីពេលមុន ពួកគាត់គ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម ប៉ុន្ដែឥឡូវតម្រូវឲ្យពួកគាត់មកគ្រប់គ្រងតាមប្រព័ន្ធទូរស័ព្ទវិញ»។
នាយឧត្តមសេនីយ៍បន្ដថា ក្រុមការងារ ក៏ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំដាក់ឲ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋផងដែរ។ នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំផែនការ និងបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋបាលឃុំ សង្កាត់, ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នូវកម្មវិធីកត់ត្រា និងគ្រប់គ្រង់ទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ ប្រជាពលរដ្ឋនៅមូលដ្ឋានតាមបណ្តា ភូមិ ឃុំ សង្កាត់ មានភារកិច្ចដូចជា៖ សិក្សាស្រាវជ្រាវអំពីបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង ការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់, រៀបចំដាក់ឲ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋ នៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ តាមភូមិសាស្ត្រដែលបានកំណត់, សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំដាក់ ឱ្យដំណើរការសាកល្បង នូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋ៕