ភ្នំពេញ ៖ ក្រុមតំណាងសម្ព័ន្ធសហជីពជាង៣០នាក់ ដែលមានការដឹកនាំដោយ លោក ប៉ាវ ស៊ីណា ជាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បាននាំគ្នាធ្វើយុទ្ធនាការសកល នៅមុខហាងលក់សំលៀកបំពាក់ ដ៏ល្បីឈ្មោះ “adidas” ស្ថិតក្នុងទីក្រុងភ្នំពេញ នៃកម្ពុជានៅព្រឹកថ្ងៃ១១ ឧសភានេះ ។
ការធ្វើយុទ្ធនាការនេះ មិនមែនធ្វើឡើង តែនៅក្នុងក្រុងភ្នំពេញនោះទេ គឺតំណាងសហជីព នៅទូទាំងពិភពលោក បានធ្វើសកម្មភាព នៅមុខហាងម៉ាក់យីហោនេះ នៅតាមបណ្តាប្រទេសផ្សេង ក្នុងនាមជាសមាជិក របស់អង្គការសហជីពពិភពលោក។
លោក ប៉ាវ ស៊ីណាថា គោលបំណងធ្វើយុទ្ធនាការ នៅមុខហាងដ៏ល្បីឈ្មោះនៅទូទាំងពិភពលោកនេះ ក្នុងគោលបំណង ឲ្យក្រុមហ៊ុនបញ្ជាទិញដ៏ធំនិង ល្បីល្បាញមួយនេះ ទទួលខុសត្រូវលើការ បាត់បង់ផលប្រយោជន៍ របស់កម្មករនិយោជិត ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ ។ ក្រៅពីនោះក៏ស្នើឲ្យបង្កើតមូលនិធិសម្រាប់ ការពារកម្មករ នៅពេលមានករណីរោងចក្របិទទ្វារ ឬមានវិបត្តិសកលកើតឡើងផងដែរ ។
លោកថា “ការជួបជុំគ្នានៅព្រឹកមិញនេះ គ្រាន់តែចង់ថតរូបលើកបដានៅមុខហាង ដើម្បីឲ្យដឹងលឺទៅដល់ថ្នាក់គ្រប់គ្រងហាង”។
មេសជីពរូបនេះថា កម្មករខ្មែរដែលជាដេរ ខោអាវឲ្យក្រុមហ៊ុន “adidas” ក៏ជាអ្នករងគ្រោះផងដែរពីបញ្ហាដូចរៀបរាប់ខាងលើ ៕